អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យស្ថានភាពមណ្ឌលប្រឡងបាក់ឌុប និងពង្រឹងសន្តិសុខសណ្តាប់ធ្នាប់

104

ដើម្បីឲ្យដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រកបទៅដោយភាពរលូន និងមានលក្ខណៈល្អប្រសើរនោះ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចុះត្រួតពិនិត្យស្ថានភាពនៅតាមមណ្ឌលប្រឡងបាក់ឌុប និងពង្រឹងកិច្ចការពារសុវត្ថិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រឡងនីមួយៗ ក្នុងក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឲ្យមានរបៀបរៀបរយ។

ក្នុងការចុះត្រួតពិនិត្យនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រឡងបាក់ឌុបក្នុងឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំកន្លែងស្នាក់នៅដោយឥតគិតថ្លៃជូនសិស្សានុសិស្សដែលក្រីក្រខ្វះលទ្ធភាពជួលកន្លែងស្នាក់នៅ ក្នុងរយៈនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលនឹងប្រព្រឹត្តទៅរយៈពេល ០២ថ្ងៃ នៅថ្ងៃទី២០-២១ ខែសីហា ខាងមុខនេះ ដូច្នេះសូមក្មួយៗសិស្សានុសិស្ស ដែលមកពីបណ្តាក្រុង-ស្រុក ដែលខ្វះខាត សូមធ្វើការទំនាក់ទំនងតាមរយៈក្រុង-ស្រុកសាម៉ី។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំ បានធ្វើការប្រជុំជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រួចហើយ មិនឲ្យដំឡើងថ្លៃសេវាស្នាក់នៅ ឬសេវាហូបចុកជាដើម និងបានផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការរក្សាតម្លៃសេវាកម្ម អាជីវកម្មទេសចរណ៍ និងការផ្អាកដំណើរការអាជីវកម្ម ម៉ាស៊ីនថតចម្លងឯកសារគ្រប់ប្រភេទ ក្នុងរយៈពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

លើសពីនេះទៀត រដ្ឋបាលខេត្តកំពង់ធំ ក៏បានរៀបចំកន្លែងផ្ញើកង់ ម៉ូតូ រថយន្ត ដោយពុំតម្រូវឲ្យមានការបង់ប្រាក់នោះទេ និងបានរៀបចំពង្រឹងកម្លំាងការសុវត្ថិភាពបានល្អថែមទៀតផង។ ក្នុងនោះ ឯកឧត្តម សុខ លូ បានផ្តាំផ្ញើដល់លោកនាយក នាយិការសាលា និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវនាំគ្នាត្រួតពិនិត្យបន្ទប់ប្រឡងបន្ថែមទៀត ដោយត្រូវមានពន្លឺគ្រប់គ្រាន់ បរិយាកាសល្អ អនាម័យស្អាត ដើម្បីចៀសវាងនូវបញ្ហាណាមួយកើតឡើង ដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ នៃការប្រឡងរបស់សិស្សជាដើម។

សូមបញ្ជាក់ថា ខេត្តកំពង់ធំ ចំនួនសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សរុបចំនួន ៤,៥២៦នាក់ ចែកចេញជា០២ក្រុម រួមមានថ្នាក់វិទ្យាសាស្ត្រចំនួន ១,៨៦៧នាក់ និងថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន ២,៦៥៩នាក់ ក្នុងនោះមានមណ្ឌលប្រឡងចំនួន ១០ មណ្ឌល មណ្ឌលប្រឡងថ្នាក់វិទ្យាសាស្ត្រមានចំនួន ០៤មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ០៦មណ្ឌល៕