អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងនាំយកអំណោយសប្បុរសជន ចុះសាកសួរសុខទុក្ខបងប្អូនពលករដែលធ្វើចត្តាឡីស័កតាមផ្ទះ នៅស្រុកតាំងគោក និងស្រុកបារាយណ៍

15

(រដ្ឋបាលខេត្តកំពង់ធំ): នៅព្រឹកថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បាន​អញ្ជើញ​ចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័ក និងនាំយកអំណោយសប្បុរសជន ចែកជូនបងប្អូនពលករ​ដែលធ្វើ​ចត្តាឡីស័ក​តាមផ្ទះដែលមានជីវភាពខ្វះខាត នៅស្រុកតាំងគោក និងស្រុកបារាយណ៍ ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានពន្យល់ដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ អំពី​សារៈសំខាន់​នៃការធ្វើចត្តាឡីស័ក និងច្បាប់ផ្សេងៗ នៃបទល្មើសនិងវិធានការទប់ស្កាត់ការរីករាលដាល​នៃជំងឺ​កូវីដ១៩ ប្រសិនបើបងប្អូនគេចវេសពីការធ្វើចត្តាឡីស័កនេះ គឺនឹងត្រូវមានទោសទណ្ឌទៅតាមច្បាប់ដែល​បាន​កំណត់។

លើសពីនេះទៀតឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់បងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ សូម​ចូលរួមគោរពនូវវិធានការការពារនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលកម្ពុជា បីការពារ បីកុំ និងពីរចូលរួម និង​អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសនៅក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ បងប្អូន មិនត្រូវគេចវេសពីការធ្វើចត្តាឡីស័ក ឬពីទីកន្លែងធ្វើចិត្តាឡីស័ក ព្រមទាំងរក្សានៅគម្លាតសុវត្ថិភាពបុគ្គល រក្សា​អនាម័យ​ឱ្យបានជាប់ជានិច្ច ត្រូវលាងដៃនឹងសាប៊ូ ទឹកអាកុល ឬជែល ជាដើម ដើម្បីរួមគ្នាទប់ស្កាត់​ការឆ្លង​រីករាលដាល​នៃជំងឺកូវីដ១៩ ។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូមបង្កើនការ​យកចិត្ត​ទុកដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើ​ចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ។