អភិបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខកងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ និងពង្រឹងសុវត្ថិភាពសង្គមប្រឆាំងដាច់ខាត ឧបាយកលផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជា

162

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះសាកសួរសុខទុក្ខកងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ក្នុងពិធីសំណេះសំណាលនេះ ឯកឧត្តម សុខ លូ បានសង្កត់ធ្ងន់ថា «ជនឱកាសនិយម ដែលព្យាយាមប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្រប ច្បាប់តាមរយៈបដិវត្តន៍ពណ៌ បំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជាតិ មិនត្រូវលើកលែងឡើយ»។ ដូច្នេះក្នុងនាមកងកម្លំាងប្រដាប់អាវុធទំាងអស់ មានតួនាទីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រឆាំងដាច់ខាត ចំពោះឧបាយកលផ្តួលរំលំរដ្ឋអំណាចស្របច្បាប់នៅកម្ពុជា តាមរយៈការធ្វើបដិវត្តពណ៌។

ក្នុងនោះដែរ ឯកឧត្តម បានពង្រឹងដល់កងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ រួមមាន៖ ស្នងការនគរបាលខេត្ត ដែលមានកម្លំាង ៣៤៥នាក់ និងកងរាជអាវុធហត្ថខេត្ត ៨៣នាក់ ព្រមទាំងតំបន់ប្រតិបត្តការសឹងខេត្ត ២៥៥នាក់ ត្រូវរួមគ្នាការពារស្ថិរភាពនយោបាយ គ្រប់គ្រងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ត្រូវមានការទទួលខុសត្រូវតាមវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង នៅរដ្ឋបាលខេត្តកំពង់ធំ ហើយវេនប្រចាំការនេះ ត្រូវអនុវត្តន៍តួនាទី ភារកិច្ចរបស់ខ្លួន ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ រហូតដល់ មានការសម្រេចជាថ្មី ដោយចាប់ផ្តើមពីវេនប្រចាំការទី១ ដល់វេនទីប្រចាំការ៥ មានលក្ខណៈវិលជុំ ដោយកន្លែងប្រចាំការនេះ ស្ថិតនៅទីតាំងជំនួយការគណៈបញ្ជាឯកភាព រដ្ឋបាលខេត្ត ក្នុងបរិវេណសាលាខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម បានណែនាំដល់គណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវយកចិត្តទុក្ខដាក់គ្រប់គ្រងសហការ នៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ អោយបានហ្មត់ចត់ ដើម្បីរក្សារបរិយាកាសស្ងប់ស្ងាត់ និងមានវិធានការទប់ស្កាត់ទាន់ពេលវេលា នូវការញ៉ុះញុង ក្នុងការប្រមូលផ្ដុំ តវានៅមូលដ្ឋាន ឬការនាំមនុស្សទៅរាជធានីភ្នំពេញធ្វើបាតុកម្ម ដើម្បីប្រឆាំងចំណាត់ការរបស់តុលាការកំពូល ចំពោះរឿងក្ដី លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ និងបង្កើនសកម្មភាពចុះជួបបងប្អូនប្រជាពលរដ្ឋ ឲ្យបានជាប់ជាប្រចាំ ដើម្បីបង្ករបរិយាកាសស្និតស្នាល កក់ក្ដៅ ដឹងទុក្ខលំបាករបស់ពួកគាត់ ក៏ដូចជាទទួលយក នូវសំណូមពរនានា ដើម្បីថែរក្សាបរិយាកាសសន្តិសុខ ជារួមនៅគ្រប់ទីកន្លែង ជាពិសេស មន្រ្តីទាំងអស់ គឺជាកម្លាំងដែលមានឧត្តមគតិស្មោះត្រង់ការពារដាច់ខាត ចំពោះព្រះមហាក្សត្រ ការពារដ្ឋធម្មនុញ្ញ ការពាររដ្ឋាភិបាល និងរដ្ឋអំណាចស្រប់ច្បាប់។ ឯកឧត្តម បាននាំយកនូវគ្រឿងឧបភោគ បរិភោគមួយចំនួនចែកជូនកងកម្លំាងប្រដាប់អាវុធទំាងបីប្រភេទ ក្នុងមួយអង្គភាពទទួលបាន អង្ករ ៥០បេ ស្មើនឹង ១,២៥០គីឡូក្រាម មី ២០កេសតូច ទឹកសុទ្ធ ២០កេស មុងច្រលក់ថ្នាំ ២០០មុង និងទឹកក្រួចកូកាកូឡា ២០កេស។