អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យកម្លាំងអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល​ស្តីពីការដាក់​កំហិតលើការ​ធ្វើ​ដំណើរ​ក្នងប្រទេស តាមគោលដៅនានាជាប់ព្រំប្រទល់ខេត្តកំពង់ធំ

51


(រដ្ឋបាលខេត្តកំពង់ធំ): នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ចុះត្រួតពិនិត្យកម្លាំង​តាមគោលដៅ​នានាជាប់ព្រំប្រទល់ខេត្តកំពង់ធំ លើការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល​ស្តីពីការដាក់កំហិតលើការ​ធ្វើ​ដំណើរ​​​ក្នងប្រទេសរបស់ប្រជាពលរដ្ឋក្នុងគោលដៅបង្ការ និងទប់ស្កាត់ការ​រាតត្បាត​​​នៃជំងឺកូវីដ-១៩ នៅទីតាំង​ត្រង់​ចំណុច​ព្រំប្រទល់រវាង ស្រុកតាំងគោក ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងខេត្តកំពង់ចាម, ស្រុកស្ទោង ខេត្តកំពង់ធំ និងខេត្តសៀមរាប ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងស្រុករវាង ខេត្តព្រះវិហារ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាត នៃការឆ្លងជំងឺកូវីដ-១៩ ។

ក្នុងឱកាសនោះ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ថា ដោយសារការព្រួយបារម្ភពីការរីករាលដាលនៃ​ជំងឺកូវីដ-១៩ ទើបថ្មីៗនេះប្រមុខរាជរដ្ឋា ភិបាលកម្ពុជា បានចេញបទបញ្ជាលេខ ០២ បប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ និងលិខិត ៣៩ សសរ ស្តីពីការកែសម្រួលបទបញ្ជាលេខ ០២ ប.ប ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្តីពីការដាក់កំហិតលើការធ្វើដំណើរក្នុងប្រទេស ក្នុងគោលដៅបង្ការ និងទប់ ស្កាត់ការ​រាតត្បាតនៃ​ជំងឺកូវីដ-១៩។

ឆ្លៀតពេលនោះ ឯកឧត្តម អភិបាលខេត្ត បានក្រើនរម្លឹកដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ ត្រូវរក្សាអនាម័យ​ខ្លួនឯងឲ្យបានស្អាត និងត្រូវផ្សព្វផ្សាយពន្យល់ដល់ប្រជា ពលរដ្ឋឱ្យចូលរួមសហការ និងមានការយោគយល់ អធ្យាស្រ័យចំពោះវិធានការយ៉ាងម៉ឺងម៉ាត់នេះ ដើម្បីរួមគ្នាបង្ការ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងបានលើកទឹក ចិត្តដល់អាជ្ញាធរ និងកងកម្លាំងទាំងអស់ត្រូវខិខំ អនុវត្តន៍ឱ្យបានម៉ឺងម៉ាត់ ប្រកបដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រវខ្ពស់។

នៅក្នុងដំណើរការចុះពិនិត្យ និងសួរសុខទុក្ខដល់អាជ្ញាធរ និងកងកម្លាំងនេះ ឯកឧត្តម អភិបាលខេត្ត បានឧបត្ថម្ភដល់គោលដៅស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកស្ទោង ស្រុកប្រាសាទបល្ល័ង្ក នៅក្នុងស្រុក​នីមួយៗ ទទួលបានអង្ករ ម៉ាស់ ទឹកអាកុល មី និង ទឹកបរិសុទ្ធ ។

ប៉ុន្តែទោះបីជាយ៉ាងណា ការហាមឃាត់នេះត្រូវបានលើកលែងចំពោះ៖

* ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ ទាំងតាមផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់មន្ត្រីរាជការស៊ីវិលគ្រប់ស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅបំពេញការងារប្រចាំថ្ងៃ ដែលម្ចាស់យានយន្តត្រូវបង្ហាញដល់កងកម្លាំងមាន​សមត្ថកិច្ចត្រួតពិនិត្យ​នូវ​អត្តសញ្ញាណបណ្ណការងាររបស់ខ្លួន។
* រថយន្ត និងមធ្យោបាយធ្វើដំណើររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងគោលដៅបំពេញភារកិច្ច​របស់​ខ្លួន។
* រថយន្តសង្គ្រោះបន្ទាន់របស់មន្ទីរពេទ្យរដ្ឋ និងឯកជន។
* រថយន្តពន្លត់អគ្គីភ័យ។
* រថយន្តបម្រើសេវាដឹកជញ្ជូនសំរាម និងកាកសំណល់។
* ការដឹកជញ្ជូនកម្មករទៅកាន់ទីកន្លែងការងារនៅតាមរោងចក្រ-សហគ្រាស ដែលត្រូវមានបណ្ណអនុញ្ញាត​ចេញ​ដោយ​ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
* ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលនៅជិតបំផុត ដើម្បីទទួល​បាននូវ​សេវាសុខភាពចាំបាច់ និងបន្ទាន់ ដោយកំណត់ចំនួនមនុស្ស មិនឱ្យលើសពី ៤នាក់ សម្រាប់ករណីនីមួយៗ។

បទបញ្ជានេះមានសុពលភាពអនុវត្តចាប់ពីម៉ោង ២៤៖០០ ថ្ងៃទី០៩ រហូតដល់ម៉ោង ២៤៖០០ ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០។