អភិបាលខេត្តកំពង់ធំ ចូលរួមដាំកូនឈើប្រណិត ប្រមាណជិត ៣,០០០ដើម នៅទីទួលបុរាណ (ព្រៃគូ ) ស្រុកកំពង់ស្វាយ

25

(រដ្ឋបាលខេត្តកំពង់ធំ): ដោយមានការគិតគូរយកចិត្តទុកដាក់ររវាងព្រះមេគណខេត្តកំពង់ធំ ជាមួយនិងរដ្ឋបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០នេះ កូនឈើប្រណិត និងកូនឈើផ្សេងៗទៀតចំនួន ២៧០០ដើម ត្រូវបានដាំនៅតំបន់សហគមន៍ទីទួលបុរាណ (ព្រៃគូ) ស្ថិតនៅក្នុងឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ពិធីនេះបានប្រារពឡើង ក្រោមវត្តមានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងព្រះទេពសត្ថាសៀង សុខ ព្រះរាជគណៈថ្នាក់ចត្វា និងជាព្រះសត្ថាបារមីព្រះមេគណខេត្ត ព្រមទាំងមានការអញ្ជើញចូលរួមពីលោក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ពុទ្ធបរិស័ទ សិស្សានុសិស្ស និងប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានមានប្រសាសន៍លើកឡើងថា ព្រៃឈើ គឺជាប្រភពធនធម្មជាតិដ៏មាន​សារ:សំខាន់សម្រាប់ប្រទេសយើង ដែលតម្រូវឲ្យមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋការពារព្រៃឈើ និងបន្ត​ដាំ​ដើមឈើ​ឡើងវិញឲ្យបានគ្រប់ៗគ្នា និងគ្រប់ទីកន្លែង ជាពិសេសនៅតាមទីវត្តអារាម សាលារៀន ក៏ដូចជា​នៅតាម​ទីសាធារណៈជាដើម ដែលជាផលមួយនៅក្នុងការធ្វើបុណ្យទានផងដែរ ។ ទន្ទឹមនឹងនោះ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា រដ្ឋបាលខេត្តកំពង់ធំនឹងមានគម្រោងរៀបចំដាំដើមឈើផ្លូវជាតិលេខ៦ ក្នុង​ក្រុងស្ទឹងសែន ដើម្បីលម្អ និងលើកសម្រស់សោភ័ណភាពក្នុងក្រុងស្ទឹងសែន ឲ្យកាន់តែស្រស់ស្អាតបន្ថែមទៀត ព្រមទាំងជំរុញឲ្យបណ្ដាក្រុងស្រុក ត្រូវខិតខំរៀបចំដាំដើមឈើនៅតាមទីប្រជុំជន ដោយមានការចូលរួមពី​បងប្អូនប្រជាពលរដ្ឋ ជួយថែរក្សាការពារព្រៃឈើ និងបរិស្ថានធម្មជាតិឲ្យបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍ដល់​ការ​រស់នៅ​របស់ខ្លួនផង សហគមន៍ផង និង ផ្តល់ជាម្លប់ដ៏ត្រជាក់ត្រជុំ ដល់ជីវិតមនុស្ស សត្វគ្រប់ប្រភេទ ព្រមទាំង​ប្រព័ន្ធជីវៈចម្រុះផងដែរ ជាពិសេសកាត់បន្ថយនូវគ្រោះធម្មជាតិដូចជា ខ្យល់ព្យុះ ទឹកជំនន់ គ្រោះរាំងស្ងួតជាដើម។

លើសពីនេះទៀតឯកឧត្តមបន្តថា នៅថ្ងៃខាងមុខនេះរាជរដ្ឋាភិបាលនឹងផ្ដល់នូវថ្ងៃឈប់សម្រាក ចំនួន ៥ថ្ងៃ (១៧-២១ ខែសីហា) ជំនួសឱ្យថ្ងៃចូលឆ្នាំខ្មែ។ ក្នុងនោះឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ព្រមទាំង ព្រះសង្ឃគ្រប់ព្រះអង្គ សូមបន្តជួយផ្សព្វផ្សាយនៃការរីករាលដាលជំងឺCOVID-១៩នេះ ដោយរក្សា​អនាម័យ​ជាប់ជានិច្ច ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែងទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍​លាងដៃ​នឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរ​នៅគ្រប់​ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្តនោះទេ លើសពីនេះទៀត សូមចូលរួមគោរព​ច្បាប់ចរាចរណ៍ផ្លូវគោក ជៀសអោយឆ្ងាយពីគ្រឿងញៀន ។

សូមបញ្ជាក់ថា កូនឈើប្រណិតដែលបានដាំនៅក្នុងតំបន់ទីទួលបុរាណព្រៃគូ ក្នុងផ្ទៃដី១.២០ហិចតា ក្នុងនោះ​មាន​កូនឈើក្រញូង នាងនួន បេង ចំនួន ២៧០០ ដើម។