អភិបាលខេត្តកំពង់ធំ ចែកអំណោយជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតជាង ៣០០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន ជាអំណោយរបស់គម្រោងចលនាភូមិថ្មី

61

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណេះសំណាលសាកសួរសុខទុក្ខ និងនាំ​យកអំណោយគម្រោងចលនាភូមិថ្មី របស់ប្រទេសកូរ៉េ ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ៣២០គ្រួសារ មកពី ៨សង្កាត់ ក្នុងក្រុងស្ទឹងសែន នៅទីតាំងពីរផ្សេងគ្នា: នៅសាលាក្រុងស្ទឹងសែន​ចំនួន២០០គ្រួសារ និងនៅសាលាសង្កាត់អាចារ្យលាក់ ចំនួន១២០គ្រួសារ នាព្រឹកថ្ងៃទី ៣ ខែសីហា ឆ្នាំ២០២០។

ថ្លែងនៅក្នុងពិធីចែកអំណោយនោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់លោក SAEMAUL ប្រធាន​តំបន់​នៃគម្រោងចលនាភូមិថ្មី ដែលកំពុងអនុវត្តន៍នៅភូមិចំនួនបី រួមមាន ភូមិចំបក់ ភូមិកំរែ៉ង និងភូមិរកា ក្នុងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដើម្បីជួយលើកស្ទួយជីវភាព បង្កើតទម្លាប់ល្អដល់ប្រជាពលរដ្ឋ​ក្នុងមូលដ្ឋានតាមរយៈការបង្កើតឲ្យមានទិវាអនាម័យ បណ្តុះបណ្តាលអំពីការដាំដុះដំណាំជាច្រើនប្រភេទ ផ្តល់​គម្រោង​សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងប្រព័ន្ធធារាសាសន្រ្តផងដែរ ជាពិសេស បានរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិអោយមានការរីកចម្រើន នឹងជួយដោះស្រាយបញ្ហាទុក្ខលំបាក របស់​ប្រជាពលរដ្ឋ ដោយបានផ្ដល់នូវសម្ភារៈនិងគ្រឿងឧបភោគបរិភោគជូនដល់​ប្រជាពលរដ្ឋដែលមានជីវភាព​ខ្វះខាត​​ស្រប​ពេល​ដែល​ប្រទេសកម្ពុជាកំពុងតែរងផលប៉ះពាល់នូវជំងឺកូវីដ១៩ នៅពេលនេះ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមផ្លាស់ប្តូរ​ទម្លាប់នៃការរស់​នៅដោយរក្សាអនាម័យជាប់ជានិច្ច ហូបស្អាត ផឹកស្អាត រស់នៅស្អាត ទុកដាក់សំរាម និងកាកសំណល់ផ្សេងៗ ឲ្យបានត្រឹមត្រូវ ជាពិសេសត្រូវឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែល ដាក់​ជាប់​តាម​​ខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាសរាំកម្សាន្ត​នោះ​ទេ ដើម្បីរួមគ្នាទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩។

ឯកឧត្តមមានប្រសាសន៍បន្ថែមទៀតថា ស្របពេលដែលប្រទេសកម្ពុជាកំពុងតែ​ទទួលរងនូវផលប៉ះពាល់​ជំងឺ​កូវីដ-១៩នេះ ប្រមុខរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយរង​គ្រោះ​ដោយសារ​ផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជាប្រជាពលរដ្ឋ​ក្រីក្រពិត​ប្រាកដ​។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរព​ច្បាប់ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យ​ឆ្ងាយពី​គ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូប ក្នុងមួយគ្រួសារទទួលបាន អង្ករ មី ម៉ាសក្រណាត់ ក្រម៉ា សាប៊ូលាងដៃ អាកុលដបតូច និងអាកុលដបធំ ។