អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន២៥០ គ្រួសារក្នុងក្រុងស្ទឹងសែន

130

នៅព្រឹកថ្ងៃអង្គារ ១ រោច ខែបុស្ស ឆ្នាំរការ នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះចែកអំណោយជូនប្រជាពលរដ្ឋខ្វះខាតស្បៀង ដែលជួបគ្រោះមហន្តរាយចំនួន២៥០ គ្រួសារ ក្នុងក្រុងស្ទឹងសែន ។

លោក ម៉ាក់ ប៊ុនហុង អភិបាលក្រុងស្ទឹងសែន បានធ្វើរបាយការណ៍សង្ខេបកន្លងមកនេះ នៃការប្រែប្រួលអាកាសធាតុបានជះឥទ្ធិពល ដល់ការងារបង្កបង្កើនផលធ្វើឲ្យទិន្នន័យស្រូវរដូវវស្សាថយចុះ រដូវប្រាំងខ្វះទឹកបង្កបង្កើនផលបានធ្វើឲ្យប្រជាពលរដ្ឋខ្វះខាតស្បៀងក្នុងពេលនេះ ពិសេសគ្រួសារចាស់ជរា គ្រួសារម៉េម៉ាយមានកូនច្រើនក្នុងបន្ទុក គ្រួសារគ្មានទីពឹង និងប្រជាពលរដ្ឋ ដែលបានទទួលអំណោយមក ពីក្រុងស្ទឹងសែនមានចំនួន២៥០ គ្រួសារមានប្រាំបីសង្កាត់ ។

ឯកឧត្តម សុខ លូ បានមានប្រសាសន៍សំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋ និងផ្តាំផ្ញើឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះក្រុមគ្រួសារជាពិសេសមនុស្សចាស់ ក្មេងតូចៗ ក្នុងនោះដែរបងប្អូនត្រូវប្រុងប្រយ័ត្នពីបញ្ហាសុខភាពដោយហូបស្អាត ផឹកស្អាត រស់នៅស្អាត ត្រូវគិតគូ ពីសុវត្ថិភាពតាមដងផ្លូវជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ដោយនាំគ្នាគោរពច្បាប់ចរាចរណ៍ ពាក់មួកសុវត្ថិភាពក្នុងពេលបើកបរ ត្រូវបើកបរក្នុងល្បឿនកំណត់ បើកបរកុំជែងគ្នា និងកុំបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ។

ឯកឧត្តមបានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋានត្រូវដោះស្រាយ ជូនប្រជាពលរដ្ឋប្រកបដោយភាពយកចិត្តទុកដាក់ ជួយទុក្ខធុរៈ គ្នានៅតាមភូមិ ឃុំ អាជ្ញាធរត្រូវពិនិត្យមើលនូវចំណុចកង្វះខាត ដើម្បីរកដំណោះស្រាយរាល់បញ្ហា ដែលមានកើតឡើង ។ អាជ្ញាធរមូលដ្ឋានត្រូវធ្វើអំពើល្អ ជាគម្រូល្អដល់ប្រជាពលរដ្ឋដើម្បី ឲ្យប្រជាពលរដ្ឋជឿទុកចិត្តមកលើ អាជ្ញាធរមូលដ្ឋានរបស់ខ្លួនដោយមិនប្រកាន់ និន្នាការនយោបាយ ជាតិសាសន៍ ពណ៌សម្បុរ នោះឡើយ ។

ម៉្យាងវិញទៀតត្រូវចូលរួម កសាងអភិវឌ្ឍន៍ប្រទេសជាតិយើង ក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ដែលកន្លងមកសម្តេចតែងតែយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋ និងប្រទេសជាតិ ធ្វើឲ្យប្រទេសជាតិមានសេចក្តីសុខរីកចំរើន និងមានសន្តិភាព ។ អំណោយដែលត្រូវចែកជូនដល់ប្រជាពលរដ្ឋខ្វះខាត ចំនួន២៥០ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកសុទ្ធ១យួរ និងបានប្រគេនព្រះសង្ឃគង្សក្នុងវត្តស្រយ៉ូវ អង្ករ៥០គីឡូក្រាម មី២កេស ទឹកសុទ្ធ២យួរ ថវិកា ៥០ ម៉ឺនរៀល ផងដែរ ។