អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមហ៊ុន កុល វាសនា ក្នុងស្រុកប្រាសាទបល័្លង្ក

88

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨ ជួបសំណេះសំណាលជាមួយបងប្អូនកម្មករ ក្រុមហ៊ុន កុល វាសនា ប្រមាណជិត ៤០០នាក់ ក្នុងស្រុកប្រាសាទបល័្លង្ក។ ថ្លែងក្នុងពិធីនោះដែរ ឯកឧត្តម សុខ លូ បានមានមតិសំណេះសំណាល និងបាននាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនកម្មករ កម្មការី ទាំងអស់ក្នុងខេត្តកំពង់ធំ ក៏ដូចជាក្នុងស្រុកប្រាសាទបល្ល័ង្ក ដែលបន្ដគាំទ្រការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកន្លងមក។

ឯកឧត្តមបន្តទៀតថា បច្ចុប្បន្ននេះ ខេត្តកំពង់ធំ ផ្នែកវិស័យកសិកម្ម មានសន្ទុះកើនឡើងខ្ពស់ ជាពិសេស ដំណាំកៅស៊ូ ស្វាយចន្ទី ដំឡូងមីជាដើម ម្យ៉ាងវិញទៀត ផ្នែកហេដ្ឋារចនាសម្ព័ន្ធ ក៏មានការកសាង សាលារៀន មន្ទីរពេទ្យ វត្តអារ៉ាម ផ្លូវថ្នល់ ក៏មានការកសាងជាបន្តបន្ទាប់ ធ្វើឲ្យការដឹកជញ្ជូនមានលក្ខណៈងាយស្រួលទៀតផង។ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ព្រោះសន្តិភាពនេះ មានតម្លៃណាស់ បើគ្មានសន្តិភាព គឺមិនមានការអភិវឌ្ឍនោះឡើយ និងសូមបងប្អូនថែរក្សាសុខភាពឲ្យបានល្អ និងត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឲ្យបានគ្រប់ៗគ្នា ដែលនឹងចូលមកដល់ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ។

បន្ថែមពីនេះទៀត ឯកឧត្តម ក៏បានសូមការអភ័យទោសពីការខ្វះខាត របស់មន្ត្រីរាជការនៅមូលដ្ឋាន ដែលបម្រើសេវាជូនប្រជាពលរដ្ឋ មិនបានល្អ និងរាល់អំពើឆ្គាំឆ្គងទាំងឡាយទាំងចេតនាក្តី អចេតនាក្តី ព្រមទាំងបានណែនាំមន្ត្រីឲ្យចុះជាប់ ជាមួយមូលដ្ឋាន ខិតខំបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងទាន់ពេលវេលា។

ឯកឧត្តមបន្ថែមទៀតថា ការរំលាយគណបក្សសង្រ្គោះជាតិចោល ដោយតុលាការកំពូល មិនមែនមកពីអ្នកណានោះទេ គឺមកពីមេបក្សសង្រ្គោះជាតិខ្លួនឯង ដែលមានគំនិតក្បត់ជាតិ ក្បត់រដ្ឋធម្មនុញ្ញ ក្បត់ពាក្សសម្បថដែលបានស្បថមុខព្រះមហាក្សត្រ និងមុខព្រះស្វេត្រឆត្រ័ ឃុបឃិតជាមួយបរទេសចង់បង្កើតបដិវត្តន៍ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត។