អភិបាលខេត្តកំពង់ធំ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋប្រមាណជាង ២ពាន់នាក់ មកពីសង្កាត់ចំនួនពីរ ក្នុងក្រុងស្ទឹងសែន

78

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ស្នើឲ្យប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករលក់ដូរ ក្នុងក្រុងស្ទឹងសែន ជួយថែរក្សានូវប្រព័ន្ធលូរំដោះទឹកជំនន់ទឹកភ្លៀងនៅតាមដងផ្លូវមួយចំនួន ដែលអាជ្ញាធរក្រុង បាននឹងកំពុងសាងសង់នៅពេលនេះ ដើម្បីបានជួយរំដោះទឹកជំនន់ពេលមានភ្លៀងធ្លាក់ម្តងៗ និងធ្វើឲ្យមានជះក្លិនស្អុយផងដែរ។

ឯកឧត្តម សុខ លូ បានអំពាវនាវយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ២សង្កាត់ គឺពេលព្រឹកសង្កាត់ដំរីជាន់ខ្លា និងពេលរសៀលសង្កាត់កំពង់រទេះ ក្នុងក្រុងស្ទឹងសែន ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ២ពាន់នាក់ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៨។

ឯកឧត្តមបន្តទៀតថា ខេត្តកំពង់ធំ គឺជាខេត្តមួយដែលភ្ញៀវទេសចរណ៍ធ្លាប់ឆ្លងកាត់ ដូច្នេះ អាជ្ញាធរខេត្ត ខិតខំអភិវឌ្ឍន៍ខេត្តទាំងមូល ដោយឡែកនៅក្នុងក្រុងស្ទឹងសែន ក៏មានការអភិវឌ្ឍរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ហើយការអភិវឌ្ឍតែងតែមានការប៉ះពាល់ខ្លះៗមិនខានទេ ដូច្នេះសូមឲ្យប្រជាពលរដ្ឋមានការយោគយល់ និងធ្យាស្រ័យ។ ឯកឧត្តមបានបន្តថា ការបើកការដ្ឋានដាក់លូនាពេលេនេះ ដើម្បីរំដោះទឹកជំនន់ទឹកភ្លៀង ដែលតែងតែជនលិចផ្លូវ និងភូមិឋានប្រជាពលរដ្ឋជារៀងរាល់ឆ្នាំ និងធ្វើការកែសម្រួលនូវរបងផ្ទះរបស់បងប្អូនប្រជាពលរដ្ឋដែលនៅជាប់នឹងផ្លូវកែង ឲ្យពិបាកក្នុងការធ្វើដំណើរ និងបណ្តាលឲ្យមានគ្រោះថ្នាកចរាចរណ៍ រៀបចំសណ្តាប់ធ្នាប់សាធារណៈ ការសាងសង់រង្វល់មូលវិមានឯករាជ្យ ដែលនឹងបង្ហាញវត្តមាននាពេលឆាប់ៗនេះ នៅចំកណ្តាលក្រុងស្ទឹងសែន ព្រមទាំងកសាងសួនច្បារលម្អរតាមដងផ្លូវ ពង្រីកសួនកុមារ ដើម្បីអភិវឌ្ឍន៍ក្រុងស្ទឹងសែន ឲ្យមានការរីកចម្រើនទាក់ទាញភ្ញៀវទេសចរ ក្រុមហ៊ុនវិនិយោគ បង្កើនមុខរបរជូនប្រជាពលរដ្ឋ និង កាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋក្នុងខេត្ត។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បាននាំនូវការផ្តាំផ្ញើ ក្តីនឹករលឹករបស់សម្តេចតេជោ ហ៊ុន សែន ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ និងថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្ត និងពេលវេលាមកបោះឆ្នោតជូនគណបក្សប្រជាជនកន្លងមក គឺមានន័យថា បងប្អូនប្រជាពលរដ្ឋទាំងអស់ បានធ្វើការជ្រើសរើស ថ្នាក់ដឹកនាំដែលខ្លួនពេញចិត្ត ព្រមទាំងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងប្រទេសជាតិ ឲ្យកាន់តែរីកចម្រើន ប្រកបដោយសុខសន្តិភាព។ ដូច្នេះសូមឲ្យបងប្អូននៅតែបន្តធ្វើការគាំទ្រគណបក្សប្រជាជនកម្ពុជា នឹងអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៩ ខែកក្កដាខាងមុខនេះ ឲ្យបានគ្រប់ៗគ្នាកុំបីខាន។