អភិបាលខេត្តកំពង់ធំ ជំនួបពិភាក្សាការងារជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាព​សហព័ន្ធ​យុវជនកម្ពុជា មុននឹងបើកយុទ្ធនាការ​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋ​នៅខេត្តកំពង់ធំ នៅថ្ងៃស្អែក

89

(រដ្ឋបាលខេត្តកំពង់ធំ): នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំនួបកិច្ចប្រជុំ​ពិភាក្សា​ជាមួយក្រុមសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហេង សុខគង់ រដ្ឋលេខា​ធិការ​ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានសម្ពន្ធ័គ្រូពេទ្យសហភាពសហពន្ធ័យុវជនកម្ពុជា មុននឹងបើកយុទ្ធនាការទ្រង់ទ្រាយធំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនបងប្អូនប្រជាពលរដ្ឋនៅក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ នៅថ្ងៃស្អែកនេះ ។

ថ្លែងនៅក្នុងកិច្ចជំនួបពិភាក្សានោះផងដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណដល់ក្រុម​គ្រូពេទ្យ​សហភាពសហព័ន្ធ​យុវជនកម្ពុជា ដែលចុះមកបំពេញបេសកកម្មចាក់វ៉ាក់សាំង​ជូនបងប្អូនប្រជាពលរដ្ឋនៅ​ទូទាំងខេត្តកំពង់ធំ​ពេលនេះ។ លើសពី​នេះ​ទៅទៀត ដើម្បីអោយដំណើរកា​រ​នៃការចាក់វ៉ាក់សាំងប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ឯកឧត្តមបាន​ហើយជំរុញ​ដល់​អាជ្ញាធរក្រុង/ស្រុក ត្រូវមានភាពម្ចាស់ការការទៅលើការផ្សព្វផ្សាយព័ត៌មាន​ឲ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋនៅ​ក្នុង​មូលដ្ឋាន​​​របស់ខ្លួន មកចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ ទៅតាម​ការកំណត់​នៃកាលបរិច្ឆេទ របស់អាជ្ញាធរការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ការរៀបចំទីតាំងនៃការចាក់វ៉ាក់សាំង ជាពិសេស​ពាក់ព័ន្ធនឹង​សេវាអ៊ីនធឺណិត ការរៀបចំកន្លែងស្នាក់នៅរបស់ក្រុម​គ្រូពេទ្យ​សហភាពសហព័ន្ធយុវជនកម្ពុជា ការរៀបចំ​របៀប​រៀបរយ​​នៅពេលប្រជាពលរដ្ឋមកចាក់វ៉ាក់សាំង និងបន្ទាប់ពីចាក់វ៉ាក់សាំងត្រូវឲ្យពួកគាត់សម្រាករយៈពេល ៣០នាទី នៅក្នុង​មណ្ឌល អង្គុយត្រូវរក្សាគំលាតសុវត្ថិភាព មុននឹងឲ្យពួកគាត់ត្រឡប់ទៅលំនៅឋានវិញ ហើយការចាក់វ៉ាក់​សាំង​នេះត្រូវតែមាន​ភាពច្បាស់លាស់។ ទន្ទឹមនឹងនោះដែរ ឯកឧត្តម សុខលូ ក៏បានអំពាវនាវ​សូមបងប្អូនប្រជាពលរដ្ឋ​ទាំងអស់​បង្កើនការ​ប្រុង​ប្រយ័ត្ន​ការពារខ្លួនពីជំងឺកូវីដ១៩ ដោយគោរពឲ្យបានតាមសេចក្ដីណែនាំ​របស់រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានដើម្បីទប់​ស្កាត់​ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសអនុវត្តតាមការអំពាវនាវរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការការពារខ្លួន​ពីជំងឺកូវីដ-១៩ «៣ការពារ និង៣កុំ»៖ ៣ការពារគឺ (១)ពាក់ម៉ាស់ (២) លាងដៃជាប្រចាំ និង(៣) រក្សាគម្លាតសុវត្ថិភាព។
៣កុំគឺ (១) កុំទៅកន្លែងមនុស្សកុះករ (២) កុំទៅកន្លែងបិទជិត គ្មានខ្យល់ចេញចូល និង (៣) កុំប៉ះពាល់ស្និទ្ធស្នាលគ្នា។

ជាចុងក្រោយឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សូមថ្លែងអំណរគុណដល់​ក្រុមការងារទាំងអស់ ជាពិសេស ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចាត់តាំងក្រុមការងារ​ចុះមកបំពេញបេសកកម្ម ក្នុងការយុទ្ធនា​ការ​ចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩ ជូនដល់​ប្រជាពលរដ្ឋ​នៅក្នុងខេត្តកំពង់ធំ ។

ជាមួយគ្នានោះដែរ ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំទាំងអស់ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វះស្វែងរកជំនួយ ដើម្បីទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូន​បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស​ក៏ដូចជាក្នុងខេត្តកំពង់ធំ ក្នុងនោះខេត្តកំពង់ធំក៏បានទទួលវ៉ាក់សាំងនៅក្នុងខែកក្កដា ព្រមទាំង​បើកយុទ្ធនាការទ្រង់ទ្រាយធំ​ចាក់វ៉ាក់សាំងជូនបងប្អូនប្រជាពលរដ្ឋនៅថ្ងៃទី១២ ស្អែកនេះ ហើយនៅក្នុងខែសីហា ខាង​មុខ​នេះ ខេត្តកំពង់ធំនឹងទទួល​បានវ៉ាក់សាំងជាបន្តបន្ទាប់ បន្តចាក់ជូនបងប្អូនប្រជាពរដ្ឋទាំងអស់​នៅក្នុងខេត្តកំពង់ធំ ក្រោមការខិតខំប្រឹងប្រែង​របស់សម្ដេចតេជោ ដែលជាគុណបំណាច់​ដ៏ធំធេងណាស់​សម្រាប់ប្រទេសជាតិយើង ។

គួរបញ្ជាក់ផងដែរថាចំនួន ក្រុង ស្រុក ដែលត្រូវចាក់វ៉ាក់សាំងរួមមាន÷ ក្រុងស្ទឹងសែនមានចំនួន ០៦មណ្ឌល ស្រុក​សន្ទុកមានចំនួន ០៩មណ្ឌល ស្រុកបារាយណ៍មានចំនួន ១៤មណ្ឌល និងស្រុកតាំងគោកមានចំនួន ០៨មណ្ឌល។