អភិបាលខេត្តកំពង់ធំ ជំរុញដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំ​ពង្រឹង​នូវសមត្ថភាព ក្នុងការបម្រើរសេវា​សាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋានរបស់ខ្លួន ដោយការទទួល​ខុសត្រូវ​ខ្ពស់ល្អបន្ថែមទៀត

40

(រដ្ឋបាលខេត្តកំពង់ធំ)៖ សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផល​ការងារ​គ្រប់គ្រង សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្ត ឆ្នាំ២០២០ និងកំណត់ទិសដៅការងារឆ្នាំ២០២១ ក្រោម​អធិបតីភាព​ឯកឧត្តម ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោក យ៉ុង ហួត អនុប្រធានសម្ព័ន្ធភាពជាតិ និងជាតំណាងឯកឧត្តម ប្រធានសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋាន លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ លោកបណ្ឌិត ព្រុំ វឌ្ឍនា ជាមន្រ្តីជាន់ខ្ពស់ជំនាញ​ផ្នែក​តាម​ដាន ត្រួតពិនិត្យ និងវាយតម្លៃគម្រោង និងជាតំណាងលោកនាយកអង្គការ API និងជាតំណាងក្រុម​ការងារ​បច្ចេកទេសគម្រោង និងតំណាងអង្គការ AeA, តំណាងប្រធានគម្រោងខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាប្រជុំខេត្តកំពង់ធំ ។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានធ្វើរបាយការណ៍បូក​សរុបស្តី​ពី​គោល​បំណងនៃកិច្ចប្រជុំនេះ ជូនអង្គប្រជុំបានជ្រាបថា កិច្ចប្រជុំប្រចាំឆ្នាំនេះដំណើរការទៅបានដោយមានការ​គាំទ្រ​ថវិកាពីសហភាពអឺរ៉ុប (EU) ពីឆ្នាំ២០១៩-២០២១ និងថវិការរបស់សមាគមក្រុមប្រឹក្សា​ថ្នាក់មូលដ្ឋាន​ខេត្តកំពង់ធំ និងគាំទ្របច្ចេកទេសពីស្ថាប័នដៃគូអនុវត្តគម្រោងនេះរួមមាន៖ សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តពោធិ៍សាត់, វិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) និងអង្គការអេដ អាក់ ស្យុង (AeA) ។ ដែលមានសមាសភាពចូលរួមពីសមាជិក-សមាជិការក្រុមប្រឹក្សាថ្នាក់មូលដ្ឋានគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ធំ និងលោក-លោកស្រី ជាអភិបាលនៃគណ:អភិបាលស្រុក/ក្រុងជុំវិញខេត្ត សរុបរួមចំនួន ១៥៤ រូប (ស្រ្តី ២៧)។ កិច្ចប្រជុំនេះបានរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖
១.បង្ហាញ និងអនុម័តរបាយការណ៍​វឌ្ឍនភាព​នៃ​សមិទ្ធផលការងារសម្រេចបានក្នុងឆ្នាំ២០២០របស់សមាគម ២.បង្ហាញ និងអនុម័តរបាយការណ៍​ហិរញ្ញវត្ថុឆ្នាំ​២០២០ របស់សមាគម
៣.បង្ហាញ ពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២១ របស់​សមាគម
៤.បង្ហាញ និងអនុម័តការកែសម្រួលផែនការយុទ្ធសាស្រ្ត ៥ឆ្នាំ របស់សមាគម
៥.បង្ហាញអំពី​ភាពខ្លាំង ភាពខ្សោយ ឱកាស និងការគំរាមកំហែង (SWOT) អំពិការងារគ្រប់គ្រងរបស់សមាគម​ក្នុង​ឆ្នាំ២០២០។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម សុខ លូ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែង របស់សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ដែលបានរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនេះឡើង។ កិច្ចប្រជុំក្រុម​ប្រឹក្សា​សមាគមឆ្នាំ២០២០ របស់ក្រុមប្រឹក្សាសមាគម ថ្នាក់មូលដ្ឋានខេត្តកំពង់ធំ នាឱកាសនេះ គឺជាសក្ខីភាព​ដែលឆ្លុះបញ្ចាំងពីការអនុវត្តយ៉ាងត្រឹមត្រូវនូវ លក្ខណៈរបសសមាគម ដែលនានីតិបុគ្គល តំណាងអោយសម្លេង និងជាអ្នកការពារផលប្រយោជន៍ របស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ក្នុងខេត្តកំពង់ធំ ព្រមទាំង​ជាអ្នក​អភិវឌ្ឍនសម្ថភាព និងបង្កើតប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលនឹងរួមចំនែកលើកកម្ពស់​គុណភាព​នៃជីវភាព រស់នៅ និងសុខុមាភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាល​កិច្ចតាមបែប​ប្រជាធិតេយ្យ​នៅមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តកំពង់ធំបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តកំពង់ធំ និងក្នុងនាមឯកឧត្តម​ផ្ទាល់សូម​ជំរុញ​បន្ថែម​ទៀតដល់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខិតខំពង្រឹងនូវសមត្ថភាព ក្នុងការបម្រើរ​សេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយការទទួលខុសត្រូវខ្ពស់ ល្អបន្ថែមទៀត។ ក្នុងមានជាអ្នកដឹកនាំ និងជាអ្នកផ្តល់នូវសេវាសាធារណៈជូនប្រជាពលនៅមូលដ្ឋាន ត្រូវមានការសាមគ្គីភាព​រវាង គ្នា និងគ្នា ដើម្បីបម្រើប្រជាពលរដ្ឋអោយមានតម្លាភាព យុត្តិធម៌ ស្មោះត្រង់ ព្រមទាំងមានភាពម៉ឹងម៉ាត់ ដែលជាសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ។

ជាចុងបញ្ចប់ឯកឧត្តម បានសំណូមពរអោយសមាជិក សមាជិការនៃអង្គប្រជុំទាំងអស់ ត្រូវតែយក​បទពិសោធន៍​ក្នុងកិច្ចប្រជុំនៅថ្ងៃនេះទៅដឹកនាំនៅមូលដ្ឋានរបស់ខ្លួន ដើម្បីទាក់ទាញចិត្តប្រជាពលរដ្ឋ អោយជឿលើការដឹកនាំ​របស់​អាជ្ញាធរមូលដ្ឋាន នៅក្នុងការបម្រើផលប្រយោជន៍ជូនពលរដ្ឋ។ ជាពិសេសនោះគឺការជួយទប់​ស្កាត់ជំងឺ​កូវីដ១៩ ដែលកំពុងតែរីករាលដាលទូទាំងសាកលលោក ព្រមទាំងជួយណែនាំប្រជាជន អោយគោរព​តាម​គោល​ការណ៍ណែនាំ របស់ក្រសួងសុខាភិបាល។