អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្តផ្សព្វផ្សាយ​បន្ថែមទៀត ចំពោះអ្នក​ពាក់ព័ន្ធ​​នឹងអ្នក​វិជ្ជមាន​ជំងឺកូវីង១៩ រួសរាន់ទៅផ្ដល់សំណាកដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាព្រះនាង

39

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ជំរុញដល់អាជ្ញាធរមូលដ្ឋាន ខិតខំបន្ត​ផ្សព្វផ្សាយ​បន្ថែមទៀត ចំពោះអ្នកពាក់ព័ន្ធនឹងអ្នកកើតជំងឺកូវីដ១៩ ជាពិសេសអ្នកចូលរួមបុណ្យសពស្ត្រីឈ្មោះ ប៉ិល ថេង កាលពីថ្ងៃទី ១៩ មេសា ២០២១ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង និងឈ្មោះ ចេង គឹមនៅ ជាអាជីវករ​លក់សាច់ជ្រូកនៅផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ព្រមទាំងអំពាវនាវ ដល់​អ្នក​ដែលបានចូលរួមបុណ្យសព និងអ្នកដែលបានប៉ះពាល់ផ្ទាល់ជាមួយឈ្មោះ ចេង គឹមនៅ រួសរាន់ទៅ​ផ្ដល់​សំណាក​ដើម្បីវិភាគរកមេរោគកូវីដ១៩ នៅសាលាបឋមសិក្សាព្រះនាង ដែលមានទីតាំងស្ថិតនៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីកាត់ផ្ដាច់ឫសគល់នៃការឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍។

ការអំពាវនាវនេះត្រូវបានលើកឡើង ខណៈដែលឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារបន្ត​នាំ​យកគ្រឿងឧបភោគបរិភោគ និងសម្ភារៈការពារកូវីដ១៩ ជូនដល់កងកម្លាំងដែលប្រចាំការនៅតំបន់បិទខ្ទប់ នៅ​ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដើម្បីធានាដល់ការគ្រប់គ្រងការរីករាលនៃជំងឺកូវីដ១៩ ឲ្យបានល្អប្រសើរ រដ្ឋបាលខេត្តសម្រេច បិទផ្សារសេរីស្ទោង ក្នុងភូមិកំពង់ក្តី និងភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងនៅពេលក្រោយ។

ឯកឧត្តម សុខ លូ បានក្រើនរំឭកដល់​កងកម្លាំងទាំងអស់​សូមខិតខំផ្សព្វផ្សាយបន្ត​ដល់បងប្អូនដែលបានមកធ្វើ​តេស្តយកសំណាកលើកទីមួយរួចហើយ ទទួលលទ្ធផលអវិជ្ជមាន មិនប្រាកដថាបងប្អូនមិនមានការឆ្លងនោះទេ លុះត្រា​តែឆ្លងកាត់ការយកសំណាកលើកទី ២ ឬទី ៣ ទទួលលទ្ធផលអវិជ្ជមាន ហើយត្រឡប់ទៅផ្ទះវិញ ធ្វើ​ចត្តា​ឡីស័កយៈពេល ១៤ថ្ងៃទៀត មិនមានរោគសញ្ញាណាមួយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ទើបប្រាកដថាពួកគាត់​មិនមាន​ការឆ្លងជំងឺកូវីដ១៩។

ក្នុងនោះឯកឧត្តម សុខ លូ ក៏បានសំណូមពរ ឲ្យអាជ្ញាធរស្រុក ឃុំ ភូមិ ទាំងអស់ សូម​បង្កើនការ​យកចិត្តទុក​ដាក់ ចំពោះបងប្អូនពលករដែលកំពុងធ្វើចត្តាឡីស័ក នៅគ្រប់ទីកន្លែងទាំងអស់ នឹងបន្តតាមដានការធ្វើ​ចត្តាឡីស័ក ព្រមទាំងបន្តការចុះសាកសួរសុខទុក្ខបងប្អូនពលករឲ្យបានញឹកញាប់ផងដែរ។