អភិបាលខេត្តកំពង់ធំ ជំរុញឲ្យអាជ្ញាធរស្រុក ខិតខំដោះស្រាយទំនាស់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន និងពង្រឹងរបៀបរបបការងារ បង្កើនកត្តាសាមគ្គីភាពឯកភាពផ្ទៃក្នុងបន្តទៀត

78

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថាលោកអភិបាលស្រុក​ដែលទើបនឹងទទួល​ប្រកាស​ចូល​កាន់មុខតំណែងថ្មីនៅពេលនេះ សូមពង្រឹងកត្តា សាមគ្គីភាព ឯកភាពផ្ទៃក្នុង បង្កើនការទំនាក់ទំនង និងកិច្ចសហការល្អ ជាមួយគណៈអភិបាលស្រុក ក៏ដូចជាក្រុមប្រឹក្សាស្រុក មន្ត្រីរាជការក្រោមឱវាទ និងមន្ទីរអង្គភាពជុំវិញស្រុក ដើម្បីបន្តដឹកនាំ​ការងារនិរន្តរភាពរដ្ឋបាលស្រុក​អោយកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផលបន្តទៀត ដែលថ្នាក់លើបានប្រគល់ជូន។

ប្រសាសន៍នេះត្រូវបានឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើង​នៅក្នុងពិធីផ្ទេរភារកិច្ចតែង​តាំងមន្ត្រីរាជការ​ជូន​លោក ឡង គីសឹង ជាអភិបាលនៃគណៈអភិបាលស្រុកសន្ទុក ដែលបានផ្ទេរមកពីអភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ លោក ឃឹម សុខឃាង ជាអភិបាលរងស្រុកសន្ទុក និងលោក អ៊ុត វណ្ណារ៉ា ជាអភិបាលនៃគណៈអភិបាលស្រុកសណ្ដាន់ ដែល​បាន​ផ្ទេរមកពីអភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោកស្រី ឡាក់ សៅចាន់ ជាអភិបាលរងស្រុកសណ្ដាន់ ដែល​ពិធី​នេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២១។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រកាសចូលកាន់មុខ​តំណែង​របស់​ថ្នាក់ដឹកនាំពី​ស្រុកមួយ​ទៅស្រុកមួយ គឺជាដំណើរការធម្មតា របស់មន្ត្រីរាជការ ព្រោះមុខតំណែងនេះមិនមែន​ជាកម្មសិទ្ធិរបស់​បុគ្គលណា​ម្នាក់​នោះទេ។ ហើយលោកអភិបាលស្រុក​ ដែលទើបទទួលមុខតំណែងថ្មីនេះ សូមបន្តខិតខំធ្វើការងារសេសសល់ពីមុន និង​បន្ត​​អភិវឌ្ឍ​ថ្មីបន្ថែមទៀតដើម្បីកែប្រែនៅស្រុកនេះ មានការរីកចម្រើនបន្ថែមទៀត ជាពិសេស​បន្តខិតខំដោះស្រាយ​ទំនាស់នានា​នៅ​ក្នុងមូល​ដ្ឋាន​របស់ខ្លួន​ប្រកបដោយយុទ្ធសាស្ត្រឈ្នះឈ្នះដែលអាចទទួលយកបានទាំងអស់គ្នា។ លើសពីនេះទៀត ត្រូវ​ការពារ​​សុខ​​សុវត្ថិភាពជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ លុបបំបាត់ចោរលួច ចោរឆក់ ចោរប្លន់ ការលេង​ល្បែងស៊ីសង​គ្រប់ប្រភេទ និងទប់ស្កាត់ការបង្ក្រាបបទល្មើសនានាជាដើម។  ហើយមន្ត្រីមានសមត្ថកិច្ចណា​ដែល​មាន​ការ​ពាក់ព័ន្ឌនឹង​អំពើ​ខុស​ច្បាប់ សូម​ដក​​ខ្លួនចេញជាបន្ទាន់ យើងត្រូវរួមគ្នាការពារប្រយោជន៍ស្របច្បាប់របស់រាស្ត្រ មិនមែនការពារអំពើ​ខុសច្បាប់​របស់​រាស្ត្រនោះ​ទេ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានពន្យល់អំពីអត្ថ​ប្រយោជន៍ នៃការ​ចាក់វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ១៩ និងវិធានការ បីការពារ បីកុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំ​របស់ក្រសួង​សុខាភិបាល​ឲ្យបាន​ខ្ជាប់ខ្ជួន ព្រមទាំងបានអំពាវនាវដល់លោកអភិបាលស្រុក ព្រមទាំងលោកមេឃុំទាំងអស់ សូមចូលរួមផ្សព្វផ្សាយដល់បងប្អូន​ប្រជាពលរដ្ឋដែលគាត់​មិនទាន់បាន​ចាក់វ៉ាក់សាំងលើកទីមួយ សូមអញ្ជើញពួកគាត់មកចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដោយ​ការ​ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំនោះទេ តាមទីកន្លែង និងពេលវេលាដែលបានកំណត់។

ជាមួយគ្នានោះ​ដែរឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ រួមទាំងប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ សូមកោត​សរសើរ និង​ដឹងគុណ​ដ៏ខ្ពង់ខ្ពស់ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាន​គិតគូរ​ពី​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ នៅទូទាំងប្រទេស រួមទាំងខេត្តកំពង់ធំយើងផងដែរ ក្នុងការ​ខិតខំ​ស្វែងរក​វ៉ាក់សាំង​មកចាក់ជូនបងប្អូនប្រជាពលរដ្ឋគ្រប់រូប។

ទន្ទឹមនឹងនោះដែរលោក លោក អ៊ុត វណ្ណារ៉ា និងលោក ឡង គីសឹង ដែលទើបនឹង​ទទួលបាន​ការប្រកាស​ តែងតាំង​ជា​អភិបាល​ស្រុកថ្មី ឡើងធ្វើការប្តេជ្ញាចិត្តដូចខាងក្រោម:

១.អនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមបទបញ្ជារបស់រាជរដ្ឋា​ភិបាល​ក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ប្រគល់ជូន។
២.ខិតខំបំពេញការងារតាមតួនាទី និងភារកិច្ច យកអស់ពីកម្លាំងកាយ និងកម្លាំងចិត្ត ប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់​ ជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត និងជាពិសេសប្រជាពលរដ្ឋនៅមូលដ្ឋាន។
៣.ខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងអនុវត្តភារកិច្ចដើម្បីសម្រេចបាន​នូវសមិទ្ធផលធំៗ​ថែមទៀត ឲ្យស្របតាម​កំណែ​ទម្រង់​វិមជ្ឈការ និងវិសហមជ្ឈការនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងគោលដៅ​លើកកម្ពស់​អភិបាល​កិច្ចល្អ​នៅមូលដ្ឋាន និងស្រប​តាម​ផែនការ​យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
៤.ចូលរួមចំណែកលើកកម្ពស់សេវាសង្គម កសាង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ស្របតាមការអភិវឌ្ឍ នៅ​មូល​ដ្ឋាន​​​​ប្រកប​ដោយសមធម៌ និងមានចីរភាព ដើម្បីចូលរួមកាត់​បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
៥.រួមចំណែកធានានិរន្តរភាពកិច្ចការរដ្ឋបាលសាលាស្រុក និងការផ្តល់សេវាសាធារណៈនៅមូលដ្ឋានឲ្យបានល្អប្រសើរ។
៦.ចូលរួមយ៉ាងសកម្មជម្រុញការអភិវឌ្ឍក្នុងខេត្តកំពង់ធំ និងអភិវឌ្ឍន៍ស្រុកសន្ទុកឲ្យកាន់តែរីកចម្រើនថែមទៀត។
៧.ខិតខំចូលរួមទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីដ១៩ដែលកំពុងតរាត្បាតក្នុងសហគមន៍អោយមានប្រសិទ្ធភាពខ្ពស់ ។