អភិបាលខេត្តកំពង់ធំ ជំរុញឲ្យប្រជាកសិករ ផលិតស្រូវឲ្យស្របតាមតម្រូវការរបស់ទីផ្សារជាតិ អន្តរជាតិ

102

ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ដោយលើកស្ទួយវិស័យកសិកម្ម។ ជាក់ស្តែងនៅព្រឹកថ្ងៃសុក្រ ០១កើត ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ រដ្ឋបាលខេត្តកំពង់ធំ និងកម្មវិធីអភិវឌ្ឍន៍វិស័យពាណិជ្ជូបនីយកម្មស្រូវ-អង្ករដែលធន់នឹងអាកាសធាតុ (Rice-SDP) បានរៀបចំសិក្ខាសាលាស្តីពីកិច្ចពិភាក្សា និងពិគ្រោះយោបល់អំពីទីផ្សាររវាង សហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ ដែលមានការចូលរួមពីសហគមន៍កសិកម្ម និងក្រុមហ៊ុនដៃគូពាណិជ្ជកម្ម ជាច្រើននាក់ផងដែរ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា កន្លងមកកសិករតែងតែបង្កបង្កើនផលស្រូវទៅតាមទម្លាប់ចាស់ ឬក៏ទៅតាមតំបន់នីមួយផ្សេងៗគ្នា ដោយមិនបានជ្រើសរើសពូជឲ្យបានត្រឹមត្រូវ ធ្វើឲ្យទីផ្សារតម្លៃស្រូវរបស់បងប្អូនកសិករ ពុំទទួលបានទីផ្សារច្បាស់លាស់ឡើយ ពោលគឺពឹងផ្អែកទាំងស្រុងលើឈ្មួញកណ្តាល ឬឈ្មួញវៀតណាម ដែលធ្វើឱ្យប្រែប្រួលតម្លៃ ទៅតាមតម្រូវការរបស់គេតែប៉ុណ្ណោះ ហើយជួនកាលពួកគេបានធ្វើការទំលាក់ថ្លៃស្រូវរបស់បងប្អូន ដោយមិនសមហេតុផលក៏មាន។ ដូច្នេះដើម្បីរក្សាតម្លៃស្រូវបងប្អូនឲ្យល្អ សូមបងប្អូនទាំងអស់ងាកមកធ្វើស្រូវស្របទៅតាមតម្រូវការរបស់ទីផ្សារជាតិ អន្តរជាតិវិញ ដូចជា ស្រូវសែនក្រអូប ស្រូវផ្កាម្លិះ ស្រូវផ្ការំដួល ប្រកបដោយគុណភាព ព្រោះស្រូវនេះ ទទួលបានប្រាក់ចំណេញខ្ពស់ ព្រមទាំងមានលំនឹងលើទីផ្សារក្នុងស្រុក និងបរទេសច្បាស់លាស់ ម្យ៉ាងវិញទៀត ឲ្យស្របតាមកិច្ចកុងត្រារវាងក្រុមហ៊ុន រោងម៉ាស៊ីនទិញស្រូវ ព្រោះបច្ចុប្បន្ន ធ្វើយ៉ាងណាឲ្យមានតម្លាភាពទាំងភាគីក្រុមហ៊ុន និងភាគីខាងកសិករ រកផលចំណេញទាំងសងខាង។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទបានថ្លែងថា! ដើម្បីសម្រេចគោលដៅនេះ រាជរដ្ឋាភិបាលកម្ពុជា ដោយមានក្រសួងធនធានទឹក និងឧតុនិយម បានខិតខំស្តារ និងកសាងប្រព័ន្ធធារាសាស្ត្រជាបន្តបន្ទាប់។ កន្លងមករាជរដ្ឋាភិបាល បានស្តារឡើងវិញនូវប្រព័ន្ធធារាស្ត្រជាច្រើន សម្រាប់ការពង្រីកបន្ថែមសមត្ថភាពស្រោចស្រព សម្រាប់បងប្អូនប្រជាកសិករដែលរស់នៅក្នុងតំបន់អាចធ្វើការដំាដុះបានគ្រប់រដូវកាល ដើម្បីធានាបាននូវសុវត្ថិភាពស្បៀង និងការរីកលូតលាស់នៃសេដ្ឋកិច្ចរបស់គ្រួសារ និងសង្គមជាតិ ជួយសម្រាលការលំបាកការខ្វះខាតទឹកប្រើប្រាស់នៅរដូវប្រាំង និងបានរួមចំណែកក្នុងកាត់បន្ថយបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុ និងលើកម្ពស់គុណភាពនិងបរិមាណស្រូវ ព្រមទាំងខិតខំរកទីផ្សារកសិផល សម្រាប់នាំចេញទៅក្រៅផងដែរ៕