អភិបាលខេត្តកំពង់ធំ ជំរុញឲ្យប្រជាពលរដ្ឋចូលរួមថែរក្សាធនធានធម្មជាតិនៅបឹងទន្លេសាប

106

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលុបឡូត៍នេសាទទូទាំងប្រទេស គឺដើម្បីបងប្អូនទទួលបានផលប្រយោជន៍នេសាទជាលក្ខណៈគ្រួសារ ជាពិសេសបងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដែលពឹងផ្អែកលើការនេសាទត្រី ជាមុខរបរសំខាន់ទីមួយ។ ដូច្នេះសូមឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់នេសាទទាំងអស់គ្នា ដើម្បីថែរក្សាពូជត្រី និងទិន្និផលត្រីឲ្យមានការកើនឡើងជាងមុន សម្រាប់អនាគតយូអង្វែងតទៅទៀត។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ប្រមាណជិត ១ពាន់នាក់ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៨។ ឯកឧត្តមបន្ថែមទៀតថា សូមបងប្អូនត្រូវចាត់ទុកថា បឹងទន្លេសាបនេះ មិនមែនជាកម្មសិទ្ធរបស់អ្នកណាម្នាក់ទេ គឺជារបស់យើងទាំងអស់គ្នា ព្រោះបឹងទន្លេសាប មានវិសាលភាពធំធេង សម្រស់ស្រស់ស្អាត ដែលជាអាងស្តុកទឹកធម្មជាតិ និងជាជំរកមច្ឆាជាតិ ដ៏សំខាន់សំរាប់ប្រជាជនកម្ពុជា និងសូមអំពាវនាវដល់កងកម្លំាងសមត្ថកិច្ច កម្លំាងជំនាញពាក់ព័ន្ធទាំងអស់ ត្រូវខិតខំធ្វើការបង្ក្រាបនូវបទល្មើសនេសាទប្រកបដោយតម្លាភាព។ ក្នុងនោះឯកឧត្តមបានបញ្ជាក់ថា ចំពោះមន្ត្រីខិលខូចមួយចំនួនតូច ដែលមានការពាក់ព័ន្ធនឹងការប្រព្រឹត្តបទល្មើសនេសាទ សូមធ្វើការដកខ្លួនចេញជាបន្ទាន់ បើពុំដូច្នោះទេ ឯកឧត្តមនឹងអនុវត្តនូវអភិក្រមទាំង ៥របស់រាជរដ្ឋាភិបាលកម្ពុជា គឺ ងូតទឹក ដុសក្អែល ឆ្លុះកញ្ចក់ ព្យាបាល និងវះកាត់។ ការធ្វើបែបនេះ គឺដើម្បីរក្សានូវពូជត្រី ធនធានធម្មជាតិជីវៈចម្រុះឡើងវិញ ក្នុងការជួយទ្រទ្រង់ជីវភាពរស់នៅដល់បងប្អូនប្រជាជនកម្ពុជាយើង ជាពិសេសគឺទុកសម្រាប់បងប្អូនប្រកបមុខរបរទេសាទជាលក្ខណៈគ្រួសារ។ ហើយបឹងទន្លេសាប មានព្រំប្រទល់ជាប់ខេត្ត ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ធំ ខេត្តបាត់ដំបង ខេត្តពោធិសាត់ និងខេត្តសៀមរាប។

បន្ទាប់ពីសំណេះសំណាលជាមួយប្រជាពលរដ្ឋរួចមក ឯកឧត្តម សុខ លូ និងក្រុមការងារ បានបន្តរដំណើរទៅពិនិត្យស្ថានភាពសាលាបឋមសិក្សានៅភូមិទួលនាងសាវ អំពីការការបង្រៀន និងការរៀនរបស់សិស្សនៅទីនោះផងដែរ។ ម្យ៉ាងវិញទៀត នៅក្នុងភូមិនេះ ក៏មានការសាងសង់អនុវិទ្យាល័យទួលនាងសាវមួយខ្នងទៀត ដែលការសាងសង់នេះជិតរួចហើយដែរ។ មិនតែប៉ុណ្ណោះ ឯកឧត្តម ក៏បានបន្តរដំណើរបន្តទៀត ទៅជួបលោក ជុំ លឿម អាយុ ៤២ឆ្នាំ ដែលជាអ្នកស្ម័គ្រចិត្តរបស់គម្រោង AusAID ASSISI AID LEC បានជួយបង្រៀនបំប៉នដល់កុមារនៅក្នុងតំបន់បឹងស្បូវ ក្នុងភូមិទួលនាងសាវ ឃុំផាត់សណ្តាយ។ ក្នុងនោះ ស្ថានភាពគ្រួសារ លោក ជុំ លឿម មានកូន ៧នាក់ មានផែបណ្តែតទឹកមួយ មានផ្ទះមួយដែលមានសភាពទ្រុឌទ្រោម (គាត់មិនបានរស់នៅលើផ្ទះនេះទៀតទេ) មានកាណូតស្មាច់មួយ សម្រាប់ធ្វើដំណើរតាមប្រពៃណីបងប្អូនតំបន់នេះ។ ជាមួយគ្នានោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឃឹម នុភាព បេក្ខជនតំណាងរាស្ត្រមណ្ឌលកំពង់ធំ បានសម្រេចសាងសង់ផ្ទះជូនគាត់មួយ និងឧបត្ថម្ភនូវគ្រឿងឧបភោគបរិភោគ ដើម្បីជួយសម្រាលដល់ជីវភាពរស់នៅរបស់ពួកគាត់បានមួយកម្រិតផងដែរ។

ក្នុងនោះដែរ លោក ជុំ លឿម ថ្លែងអំណរគុណដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ លោក ឃឹង នុភាព និងក្រុមការងារទាំងអស់ ដែលបានចុះមកសាកសួរសុខទុក្ខដល់ក្រុមគ្រួសារគាត់ផ្ទាល់ និងប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀតបានទាន់ពេលវេលា ព្រមទាំងគោរពជូនពរឯកឧត្តម និងក្រុមការងារ បន្តដឹកនាំខេត្តកំពង់ធំ មានការអភិវឌ្ឍន៍រីកចម្រើនបន្ថែមទៀត។