អភិបាលខេត្តកំពង់ធំ ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវធ្វើការងារដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់

109

ដើម្បីឲ្យការរៀបចំពិធីបុណ្យជាតិនៅក្នុងខេត្តកំពង់ធំ ប្រព្រឹត្តទៅដោយរលូន នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរក្រុងស្រុក ត្រូវខិតខំធ្វើការងារដោយយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំពិធីបុណ្យជាតិ ដូចជាពិធីគោរពវិញ្ញាណក្ខ័ន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបីតាឯករាជ្យ បូរភាពទឹកដី និងឯកភាពជាតិខ្មែរ “ ព្រះបរមរតកោដ្ឋ ” គម្រប់៦ឆ្នាំ ការរៀបចំព្រះរាជពិធីបុណ្យខួបលើកទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ការត្រៀមលក្ខណៈសម្បត្តិក្នុងការរៀបចំប្រណាំងទូកថ្នាក់ខេត្ត និងចូលរួមព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ការត្រៀមរៀបចំបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងការត្រៀមដាំដើមឈើចំនួន ៣ម៉ឺនដើម នៅតាមបណ្តាក្រុងស្រុកផងដែរ។

ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា ដើម្បីឲ្យដំណើរការពិធីបុណ្យនេះ ប្រព្រឹត្តទៅដោយរលូន និងដំណើរការល្អ ជាពិសេសពាក់ព័ន្ធនឹងពិធីប្រណាំងទូកនៅថ្នាក់ខេត្ត ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៣-០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងនោះ ឯកឧត្តម បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ដែលមានទូកង និងចង់ចូលរួមអុំសាកល្បង នៅខេត្ត និងទៅអុំនៅថ្នាក់ជាតិត្រូវធ្វើការហ្វឹកហាត់ជាបណ្តើរៗ ត្រូវចាត់តាំងអនុគណៈកម្មការមួយមានភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងទូក ក្នុងក្រុង ស្រុករបស់ខ្លួន ហើយត្រូវធ្វើការណែនាំ អប់រំបំពាក់បំប៉ន ដល់អ្នកអុំ និងអ្នកចែវទូកទាំងអស់ឲ្យយល់ពី ខ្លឹមសារនៃពិធីបុណ្យអុំទូកដែលជាបុណ្យប្រពៃណីជាតិ និងត្រូវម្ចាស់ការខិតខំដោះស្រាយផ្ទាល់ខ្លួននូវ ខោ អាវ មួក សញ្ញាប្រចាំមូលដ្ឋាន ការហូបចុក និងមធ្យោបាយទៅមក ។ ទន្ទឹមនឹងនោះ រដ្ឋបាលខេត្ត នឹងរៀបចំផ្ដល់ ទីតាំងទីស្នាក់អាស្រ័យ និងមានរង្វាន់ជូនដល់ទូកដែលទទួលបានជ័យលាភី ព្រមទាំងរង្វាន់លើកទឹកចិត្តសម្រាប់ទូកដែលមិនទទួលបានជ័យលាបភីផងដែរ។

លើសពីនេះទៀត ឯកឧត្តម សុខ លូ បានបន្ថែមទៀតថា រដ្ឋបាលខេត្ត បានរៀបចំបុណ្យកឋិនទានសាមគ្ដីមួយ កម្មវិធីបុណ្យនេះ សូត្រមន្តនៅរសៀលថ្ងៃទី១០ ខែ វិច្ឆិកា ឆ្នាំ២០១៨ នៅសាលាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៨ ដង្ហែអង្គកឋិនឆ្ពោះទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ដូច្នេះសូមមន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវចូលរួមពិធីបុណ្យកឋិនទាននេះឲ្យបានគ្រប់ៗគ្នា។ ចុងក្រោយ ឯកឧត្តម បានផ្តាំផ្ញើដល់លោកអភិបាលក្រុងស្រុកទាំងអស់ ត្រូវខិតខំពង្រឹងមន្ត្រីជំនាញរបស់ខ្លួន រួមគ្នាទប់ស្កាត់បង្ក្រាបបទល្មើសនានាក្នុងខេត្តកំពង់ ដូចភ្លៀងរលឹម ប្រកបដោយការទទួលខុសត្រូវខ្ពស់៕