អភិបាលខេត្តកំពង់ធំ ដាក់បទបញ្ជាដល់​គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ចាត់ចែងបន្ទាន់ ចំពោះការរៀបចំពិធី​បុណ្យនានាដែលមិនចាំបាច់ ត្រូវ​ផ្អាកបណ្ដោះអាសន្ន លើកលែងតែ​ពិធីបុណ្យ​ចាំបាច់

59

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំនា ព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១ បានដាក់​បទ​បញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ដល់គណៈបញ្ជាការឯកភាពរដ្ឋបាល​ក្រុង-ស្រុក ត្រូវបន្តបង្កើនការ​​យកចិត្តទុកដាក់ ដោយណែនាំដល់សាធារណជន ដែលមានបំណង ចង់រៀបចំពិធីបុណ្យនានាដែលមិនចាំបាច់ ដូចជាបុណ្យផ្កា បុណ្យបច្ច័យបួន បុណ្យទក្ខិណានុប្បទាន ជាដើម សូមផ្អាកបណ្ដោះអាសន្ន លើកលែងចំពោះ​ពិធីបុណ្យ​ចាំបាច់​ដូចជា បុណ្យសព បុណ្យគំរប់ខួប ៧ថ្ងៃ ១០០ថ្ងៃ ពិធីរៀបអាពាហ៍ពិពាហ៍ ដាច់ខាតត្រូវតែណែនាំដល់​ម្ចាស់​កម្មវិធី ធ្វើយ៉ាងម៉េចត្រូវកាត់បន្ថយអ្នកចូលរួម ក្នុងមួយតុគឺមានអ្នកចូលរួមតែ ៥នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួម​ទាំងអស់ ត្រូវពាក់ម៉ាស រក្សាគម្លាតសុវត្ថិភាពចាប់ពី មួយម៉ែត្រកន្លះឡើងទៅ ត្រូវមានទឹកអាកុលឬជែល​សម្រាប់​​លាងដៃជានិច្ច។

ការលើកឡើងនេះ ត្រូវបានឯកឧត្ដម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងពិធី ចុះជួបសំណេះសំណាល​ជាមួយនឹងបងប្អូនពលករដែលទើបវិលត្រឡប់មកពីក្រៅប្រទេស នៅមណ្ឌលចត្តាឡីស័ក ស្រុកប្រាសាទបល័្លង្ក និងស្រុកប្រាសាទសំបូរ សរុបប្រមាណជាង ១៣៤នាក់ នាថ្ងៃទី ១២ ខែមីនា ឆ្នាំ២០២១។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ កំពុងស្ថិតនៅក្នុង​ស្ថាន​ភាព​​មួយដែលគួរឲ្យព្រួយបារម្ភ ហើយចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅតែបន្តរកឃើញជាបន្តបន្ទាប់​ពីមួយថ្ងៃទៅ​មួយថ្ងៃ ។ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមអនុវត្ត​នូវវិធានការការពារ​ជំងឺកូវីដ-១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្តតាមការណែនាំរបស់​ក្រសួងសុខាភិបាល ដើម្បីរួមគ្នា​ទប់ស្កាត់​ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ ។ ម្យ៉ាងវិញទៀត មិនត្រូវមានលក្ខណៈ​ប្រមូល​ផ្តុំមនុស្សច្រើន ចាក់ធុងបាសរាំលេងកំសាន្ត ជាដើម។