អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារពិនិត្យទីតាំងត្រៀមអបអរសាទរ ការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក

241

ព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ តំបន់ប្រាសាទសំបូរព្រៃគុក ដែលជាទីតាំងត្រៀមប្រារព្ធពិធីបួងសួងសុំសេចក្តីសុខ និងអបអរសាទរការដាក់បញ្ជូល តំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ។

គណៈកម្មការរៀបចំពីធីបុណ្យ ទីតាំងប្រារព្ធពិធីមានចំនួន ៤ទីតាំង សម្រាប់ការប្រារព្វពីធីសូត្រមន្តក្រុងពាលី ទីតាំងទី១ ប្រាសាទជ្រៃ ទី២ ប្រាសាទសំបូរ ទី៣ ប្រាសាទតោ ទី៤ ប្រាសាទយាយព័ន្ឋ ដែលនឹងត្រូវបានប្រារព្វពីធីនៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៧ និងឈានដល់ការប្រារព្វពិធីធំ នៅព្រឹកថ្ងៃទី០៧ ដែលមានវត្តមានប្រមុខដឹកនាំរាជរដ្ឋាភិបាលអញ្ជើញ ចូលរួមក្នុងពិធី បញ្ជូលតំបន់ប្រាសាទសំបូរព្រៃគុគ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានទីតាំងស្ថិតនៅភូមិសំបូរ ឃុំសំបូរស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

ក្នុងបេសកកម្មដឹកនាំគណៈកម្មការរៀបចំទីតាំងប្រារព្វពិធី ដោយមានការចូលរួមពីសំណាក់ ឯកឧត្ត ឃឹម សារិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ វិចិត្រសិល្បៈ អមដំណើរដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ រួមទាំងអភិបាលរង អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចូលរួម ដើម្បីរៀបចំសណ្តាប់ធ្នាប់ សន្តិសុខ និងបញ្ជៀសការកកស្ទះ និងសុវត្តិភាព អានាម័យ ។

ប្រជាពលរដ្ឋបានឲ្យដឹងថា ក្រោយពីបានទទួលដំណឹងប្រកាសជាផ្លូវការថា តំបន់ប្រាសាទសំបូរព្រៃគុកត្រូវបានបញ្ជូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអជីវករ ដែលនៅក្នុងខេត្តកំពង់ធំ បានបង្ហាញនូវទឹកមុខស្រស់ស្រាយ សប្បាយរីករាយ ដោយសារតែមិនទាន់បញ្ជូលប្រាសាទសំបូរព្រៃគុក ជាបេតិកភណ្ឌពិភពលោក ជាផ្លូវការផង កំណើននៃភ្ញៀវ ទេសចរណ៍ និងការលក់ដូរ ល្អប្រសើរជាងមុន ។

ការចុះពិនិត្យទីតំាងនៅតំបន់ប្រាសាទសំបូរព្រៃគុក ដើម្បីត្រៀមរៀបចំពិធីសែនព្រេនសុំសេចក្តីសុខ និងអបអរសាទរប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលត្រូវប្រារព្ធធ្វើនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៧ខាងមុខនេះ និងសូមអំពាវនាវ ជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិ និងអន្តរជាតិ អញ្ជើញចូលរួមទស្សនាប្រាសាទបុរាណជាច្រើន ក្នុងនោះក៏មានការសំដែងសិល្បៈ លេងល្បែងកំសាន្ត និងទស្សនាភូមិគួយជាដើម ។

តំបន់ប្រាសាទសំបូរព្រៃគុក មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ ២៨គីឡូម៉ែត្រ ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត ។ ប្រាសាទនេះ ជារាជធានីចាស់បុរាណឈ្មោះថា ឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម ។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧ ។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង ១០០ប្រាសាទ ដែលចែកចេញជា ៤ក្រុមធំៗ ។

សូមបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ត្រូវបានធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាការបេតិកភណ្ឌពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩:៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Kraków (ក្រាកូវ) ប្រទេសប៉ូឡូញ ៕