អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យសិតរូបសំណាកអាចារ្យលាក់ ពិធីបុណ្យចូលឆ្នាំថ្មី និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល

68

(រដ្ឋបាលខេត្តកំពង់ធំ) ៖ នាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំ​ត្រួតពិនិត្យត្រៀមរៀបចំពិធីបុណ្យសិតរូបសំណាកអាចារ្យលាក់ និងព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល ដែលមានការអញ្ជើញ​ចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាល ក្រុង ស្រុក នៅសាលប្រជុំ​សាលា​ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ពិធីបុណ្យសិតរូបសំណាកអាចារ្យលាក់ ដែលនឹងប្រារព្ធធ្វើនាថ្ងៃទី ៥-៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ដើម្បីយកទៅតម្កល់នៅ​ទីតាំង​សួនច្បារ​អាចារ្យលាក់ ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ជាពិសេសនៅរាត្រីថ្ងៃទី៥ ខែកុម្ភៈ មានក្រុមកំប្លែងនាយពាក់មី នឹងមកសម្ដែងជូនពុកម៉ែបងប្អូន ទស្សនាកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។

ទន្ទឹមនឹងនោះ ឯកឧត្តម អភិបាលខេត្ត បានពន្លឿនដល់ក្រុមវិស្វករ ដែលកំពង់សាងសង់សួនច្បារស្ទឹងសែន រង្វង់មូល​លោកតាក្រហម ក សួនច្បារអាចារ្យលាក់ និងសួនច្បារដាវដែកកំពង់ស្វាយ ឲ្យបានរួចរាល់មុនថ្ងៃចូលឆ្នាំថ្មីខាងមុខនេះ ដើម្បីលើកសម្រស់សោភ័ណភាពក្រុងស្ទឹងសែន ដើម្បីរដ្ឋបាលខេត្តកំពង់ធំ នឹងរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយធ្វើការផ្លាស់ប្តូរទីកន្លែងពីប្រាសាទសំបូរព្រៃគុក មកធ្វើនៅក្នុងបរិវេណសួនស្ទឹងសែន ក្រុងស្ទឹងសែន ដែលបង្ករ​ភាពងាយស្រួលឲ្យប្រជាពលរដ្ឋជិតឆ្ងាយក្នុងខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកម្សាន្តសប្បាយរីករាយ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនេះផងដែរ។

ពិសេសជាងនេះទៅទៀត នៅថ្ងៃទី១០ ខែឧសភា ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ធំ មានកិត្តិយស​ដ៏ខ្ពង់ខ្ពស់ដែលបាន​រៀបចំព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័លដែលប្រព្រឹត្តទៅ នៅពហុកីឡដា្ឋនស្តាតថ្មី ស្ថិតនៅភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍ផលិតផល កសិកម្ម សិប្បកម្ម ក្នុងស្រុក គ្រប់បណ្តា​មន្ទីរអង្គភាព ក្រុង ស្រុក ទាំងអស់ទៀតផង។

ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើក្រុមការងារទាំងអស់ ខិតខំធ្វើយ៉ាងណា ឲ្យពិធីបុណ្យខាងលើនេះ ប្រព្រឹត្តទៅ​មានដំណើរការ​ល្អ ប្រកបដោយភាពជោគជ័យ និងធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយពីកម្មវិធីបុណ្យទាំងអស់នេះដល់ប្រជាពលរដ្ឋនៅ​តាមមូលដ្ឋានរបស់ខ្លួន៕