អភិបាលខេត្តកំពង់ធំ ដឹកនាំប្រជុំគណៈបញ្ជាការឯកភាពខេត្ត និងជំរុញឲ្យកម្លាំងសមត្ថកិច្ច ត្រូវរួមគ្នាការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋ

85

នៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដ ដោយមានការចូលរួមពី ស្នងការ មេបញ្ជាការ និងអស់លោក លោកស្រីជាប្រធានគណៈបញ្ជាការឯកភាពក្រុង ស្រុកផងដែរ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបានអានសេចក្តីសម្រេច ស្តីពីការបង្កើតលេខាធិការដ្ឋាន និងសេចក្តីផ្សព្វផ្សាយ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៅថ្ងៃខាងមុខនេះ។

ដោយឆ្លងតាមការស្តាប់នូវសេចក្តីរាយការណ៍ របស់ជំនួយការគណៈបញ្ជាការឯកភាពខេត្ត លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពជូនប្រជាជននៅតាមបណ្តាមូលដ្ឋាន ក្រុង ស្រុក រួចមក ឯកឧត្តម អភិបាលខេត្ត បានដាក់នូវបទបញ្ជា និងវិធានការមួយចំនួនដល់គ្រប់សមត្ថកិច្ច នៃកងកម្លាំងប្រដាប់អាវុធ និងគណៈបញ្ជាការឯកភាពក្រុង ស្រុក ក្នុងការគ្រប់គ្រងនូវរាល់សភាពការណ៍ ដែលកើតមានឡើងនៅតាមមូលដ្ឋានក្នុងខេត្តកំពង់ធំ ក្នុងការបញ្ជៀសនូវរាល់បាតុភាពផ្សេងៗ នៅតាមមូលដ្ឋានក្រុង ស្រុក ឃុំ សង្កាត់ ត្រូវធ្វើការជម្រុញលើការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ក្នុងធានានូវសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ឲ្យរស់នៅប្រកបដោយសុខដុមរមនា។

ឯកឧត្តមបន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែករកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោត និងមិនឲ្យប្រជាជនទៅបោះឆ្នោតជាដើម។ ជាមួយគ្នានោះ ឯកឧត្តម អភិបាលខេត្ត ក៏បានដាក់នូវវិធានការណ៍មួយចំនួនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងអាជ្ញាធរមូលដ្ឋាន ត្រូវបង្កើនការទប់ស្កាត់ និងបង្រ្កាបរាល់បទល្មើសលើវិស័យធនធានធម្មជាតិ ដូចជាការរុករានទន្រ្ទានដីព្រៃខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ព្រៃលិចទឹក បទល្មើសនេសាទ ពីសំណាក់ប្រជាពលរដ្ឋ និងក្រុមឈ្មួញនានា ជាដើម។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានរំលឹកថា នាវេលាម៉ោង ៩ព្រឹក ថ្ងៃ១៥ ខែកក្កដាខាងមុខ សូមលោកប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ និងក្រុងស្រុក ត្រូវរៀបចំស្គរជ័យគ្រប់វត្តអារាម នឹងធ្វើពិធីទូងស្គរជ័យយ៉ាងគគ្រឹកគគ្រេង ដើម្បីអបអរសាទរខួប១០ឆ្នាំ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងខួប១ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោក។