អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងយុវជនចុះជួយច្រូតស្រូវប្រជាពលរដ្ឋនៅ ស្រុកកំពង់ស្វាយ

196

នៅក្នុងរដូវកាលប្រមូលផលប្រភេទស្រូវស្រាលនេះ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ដឹកនាំមន្ត្រីរាជការ កងកម្លំាងប្រដាប់អាវុធ និងយុវជន ចុះជួយច្រូតស្រូវប្រជាកសិករ នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងពិសារបាយសាមគ្គីជាមួយប្រជាពលរដ្ឋនៅនឹងវាលស្រែ យ៉ាងឆ្ងាញ់ពិសារ ប្រកបដោយភាពសប្បាយរីករាយ និងស្និទ្ធស្នាលថែមទៀតផង។

ឯកឧត្តម សុខ លូ ថ្លែងថា រដូវនេះជារដូវប្រមូលផល ច្រូតកាត់ស្រូវ ដែលក្រុមគ្រួសារនីមួយៗ កំពុងតែមានភាពមមាញឹក ដោយឡែកគ្រួសារខ្លះទៀត ដោយសារតែសមាជិកគ្រួសារតិច បានបង្ខំចិត្តជួលកម្លាំងពលកម្មពីខាងក្រៅ មកជួយបន្ថែមទៀត។ នៅពេលនេះ ឯកឧត្តម បានដឹកនាំក្រុមការងារចូលរួមជួយច្រូតស្រូវ ក្នុងគោលបំណងដើម្បីកាត់បន្ថយការចំណាយថវិកា របស់ប្រជាកសិករ ក្នុងការជួលកម្លាំងពលកម្មមកប្រមូលផលស្រូវដែលទុំពេញវាលស្រែ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានសំដែងនូវក្តីសប្បាយរីករាយដែលខេត្តកំពង់ធំ អាចផលិតបានស្រូវសរីរាង្គដែលមានក្រុមហ៊ុនធំៗ ចុះកុងត្រាក្នុងការទទួលទិញស្រូវសម្រាប់នាំចេញលក់បន្តនៅក្រៅប្រទេស ដែលមានតម្លៃសមរម្យ អាចទទួលយកបាន។ លើសពីនេះទៀត ឯកឧត្តម បានសំណូមពរដល់ប្រជាកសិករទាំងអស់ ត្រូវផលិតស្រូវស្របទៅតាមតម្រូវការរបស់ទីផ្សារ និងមានគុណភាពល្អ ដើម្បីឲ្យក្រុមហ៊ុនបញ្ជាទិញឲ្យកាន់តែច្រើននៅឆ្នាំក្រោយៗទៀត។ ដូច្នេះ សូមឲ្យបងប្អូនប្រជាពលរដ្ឋត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀត ដើម្បីលើកកម្ពស់កម្រិតជីវភាពគ្រួសារឲ្យមានការរីកចម្រើនកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេស ចូលរួមថែរក្សានូវសុខសន្តិភាព ស្ថេរភាពនយោបាយ កុំជឿតាមការញុះញង់របស់ជនអគតិមួយចំនួនឲ្យសោះ។

សូមបញ្ជាក់ថា ស្ថិតនៅក្នុងរដូវការកំពុងប្រមូលផលប្រភេទស្រូវស្រាល ស្រូវផ្ការំដួលនេះ ប្រជាកសិករមួយចំនួន បានកំពុងមមាញឹកធ្វើស្រែប្រាំងជាច្រើនហិចតាបន្ថែមទៀតផងដែរ៕