អភិបាលខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅឆ្នាំ២០១៩

81

ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០១៨ និងទិសដៅបន្ដការងារឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

លោក ជូ កូល្លា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ បានឡើងរាយការណ៍ស្តីពីសកម្មភាព ចុះត្រួតពិនិត្យរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកសរុប ៤៤២គោលដៅ ក្នុងនោះពិនិត្យល្មើសល្បឿន ៩២ គោលដៅ ពិនិត្យមួកកញ្ចក់ ៣០៩គោលដៅ ពិនិត្យជាតិអាកុល ៤១គោលដៅ យានយន្តចូលគោលដៅត្រួតពិនិត្យ ចំនួន ១០,០១៣គ្រឿង ក្នុងនោះម៉ូតូចំនួន ៧,៨៣៨ គ្រឿង រថយន្ត ២,១៧៥គ្រឿង។

លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ អានរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០១៨ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន ១៤៨លើក/១៩៨ មានមនុស្សចំនួន ១៣០នាក់បានស្លាប់ និង ១៩០នាក់ ផ្សេងទៀតរងរបួស បើប្រៀបធៀបឆ្នាំ២០១៧ ថយចុះចំនួន ៥០លើក ស្មើនឹង ២៥%។ តាមរយៈតួលេខនេះជាមធ្យមក្នុង១ថ្ងៃ មនុស្សប្រហែល៥នាក់ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ និងការកោតសរសើរកងកម្លាំងសមត្ថកិច្ច ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងអនុវត្តការងារប្រកបដោយជោគជ័យកន្លងមក និងបានជំរុញលើកទឹកចិត្តឲ្យក្រុមការងារខិតខំប្រឹងប្រែងការងារបន្តទៀត ដើម្បីឲ្យខេត្តកំពង់ធំ ក៏ដូចជាប្រទេសកម្ពុជាកាត់បន្ថយបាននូវគ្រោះថ្នាក់ចរាចរណ៍។

លើសពីនេះ ឯកឧត្តមបានស្នើសុំឲ្យសមត្ថកិច្ចពាក់ព័ន្ធ ក្នុងពេលត្រួតពិនិត្យយានយន្តដឹកជញ្ជូនតាមដងផ្លូវ ត្រូវបង្កើនការត្រួតពិនិត្យ វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត ការផាកពិន័យរថយន្តដឹកលើសទម្ងន់ រថយន្តដឹកសំពីងសំពោង ត្រួតពិនិត្យគ្រឿងញៀន ឬជាតិអកុល។ល។ ដើម្បីធានាសុវត្ថិភាព ក៏ដូចជាបង្ការបញ្ហាគ្រោះថ្នាក់ចរាចរណ៍របស់បងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ក៏បានជំរុញដល់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ត្រូវអនុវត្ត នីតិវិធីបិទយានដ្ឋានកែច្នៃ ខុសលក្ខណៈបច្ចេកទេស ដែលជាប្រភពនៃការកែច្នៃយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់នាំឲ្យខូចខាតផ្លូវថ្នល់ ស្ពាន និងបង្កគ្រោះថ្នាក់ចរាចរណ៍ និងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោកបន្ថែមទៀតដល់បងប្អូនប្រជាពលរដ្ឋនៅតាមសាលារៀន ទីប្រជុំជន ឲ្យពួកគាត់ចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា បើកបរម៉ូតូត្រូវពាក់មួកសុវត្ថិភាព ជិះរថយន្តត្រូវពាក់ខ្សែរក្រវ៉ាត់ ព្រមទាំងធ្វើការបិទចំណាំងផ្លាតសុវត្ថិភាព (ស្ទីគ័រចំណាំងផ្លាតពន្លឺពេលយប់) ដល់គោយន្ត ឬ រថយន្ត ម៉ូតូ ដើម្បីការពារអាយុជីវិតអ្នកបើកបរពេលយប់ពីគ្រោះថ្នាក់ចរាចរ ដែលអាចកើតឡើងជាយថាហេតុ៕