អភិបាលខេត្តកំពង់ធំ នាំយកពូជស្រូវចំនួន ១០០តោន និងពូជដំណាំពីរប្រភេទ ជូនកសិករដែលរងគ្រោះដោយសារគ្រោះធម្មជាតិ

70

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ព្រមទាំងសហការី បាននាំយកពូជស្រូវស្រាលប្រភេទអ៊ីអ៊ែ៥០៤ ចំនួន ១០០តោន និងពូជដំណាំពីរប្រភេទ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ យកទៅចែកជូនប្រជាពលរដ្ឋចំនួន ១ពាន់គ្រួសារ ដែលរងគ្រោះខូចខាតផលដំណាំដោយសារទឹកជំនន់ ក្នុងរដូវវស្សាកន្លងទៅ ស្ថិតក្នុងឃុំបារាយណ៍ ឃុំបឹង ឃុំត្នោតជុំ ឃុំចុងដូង ឃុំស្រឡៅ ស្រុកបារាយណ៍ និងសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ពិធីចែកពូជស្រូវ និងពូជដំណាំនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៨ ខែវិច្ឆិកា ដែលមានការចូលរួមពីឯកឧត្តម សុទ្ធ គឹមកុលមុនី ទីប្រឹក្សា NCDM និងជាអនុប្រធាននាយកដ្ឋានត្រៀមរៀបចំ និងបណ្តុះបណ្តាល លោកមេឃុំ ចៅសង្កាត់ តំណាងមន្ទីរ អង្គភាព និងកម្លាំងប្រដាប់អាវុធផងដែរ។

ឯកឧត្តម សុទ្ធ គឹមកុលមុនី បានឲ្យដឹងថា ពូជស្រូវប្រភេទអ៊ីអ៊ែនេះ ជាប្រភេទស្រូវស្រាល ធ្វើកសិកម្មមិនប្រកាន់រដូវប្រាំង ឬរដូវវស្សានោះទេ ហើយស្រូវពូជប្រភេទអ៊ីអ៊ែ៥០៤នេះ អាចឲ្យផលតែក្នុងរយ:ពេល១០៥ថ្ងៃប៉ុណ្ណោះ ចាប់តាំងពីសាបព្រួស រហូតដល់ថ្ងៃប្រមូលផល។ ឯកឧត្តមបន្តថា ការចែកជូនពូជស្រូវនេះគឺសម្រាប់ស្តារឡើងវិញនូវការខូចខាត និងការបាត់បង់នូវទិន្នផលកសិកម្ម ដែលបងប្អូនជួបប្រទះក្នុងពេលកន្លងមក ជាពិសេស ជាប្រភេទពូជស្រូវដែលមានទីផ្សារល្អ និងរយៈពេលខ្លីនៃការប្រមូលផលបានឆាប់រហ័សទៀតផង។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំប្រជាពលរដ្ឋទាំងអស់ត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀត ហើយត្រូវថែរក្សាស្រូវពូជនេះឲ្យបានល្អ កុំយកទៅកិនបរិភោគ ឬយកទៅលក់ ក្នុងគ្រាដែលខ្វះស្បៀង បើទោះជាក្នុងកាលៈទេសៈណាក៏ដោយ ជាមួយគ្នានេះការបង្ករបង្កើនផលស្រូវពូជនេះ គឺសម្រាប់ក្នុងរដូវនេះ ព្រោះនៅក្នុងសំបកបេមានថ្ងៃ ខែឆ្នាំផុតកំណត់ពិតប្រាកដ កុំទុកចោលនាំឲ្យ បរិមាណ និងគុណភាព ពូជដុះចេញ មានការថយចុះ។ លើសពីនេះទៀត ឯកឧត្តម បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រៅពីការធ្វើកសិកម្មដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិ ដែលមានស្រាប់នៅក្នុងភូមិ ដើម្បីរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងកាត់បន្ថយការចំណាយ ទៅទិញរបស់ទីផ្សារ ដែលសង្ស័យថាមានជាតិគីមីទៀតផង។ ម្យ៉ាងវិញទៀត សូមបងប្អូនទាំងអស់ ត្រូវរស់នៅស្អាត ហូបស្អាត ផឹកស្អាត ចូលរួមគោរពច្បាប់ចរាចរណ៍ ក្នុងនោះរាល់ពេលធ្វើដំណើរបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព នៅឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខគ្រប់ប្រភេទ ដែលនាំឲ្យខាត់បងពេលវេលា និងខូចអនាគតជាដើម៕