អភិបាលខេត្តកំពង់ធំ នាំយកអំណោយសម្តេចតេជោ ចែកជូនប្រជាពលរដ្ឋ​រស់នៅ​តំបន់ដាច់ស្រយាល ចំនួន ២៤៧ គ្រួសារ ដែលទទួលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកប្រាសាទបល្ល័ង្ក

21

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឃឹង នុភាព តំណាងរាស្ត្រ​មណ្ឌលកំពង់ធំ បាននាំយកអំណោយចែកជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់​ដាច់​ស្រយាល​​​ចំនួន ២៤៧ គ្រួសារ ដែលកំពុងតែរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅភូមិត្រពាំងព្រីង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ មានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាព រួមទាំងកងកម្លាំងទាំងបីប្រភេទ។

ថ្លែងក្នុងពិធីនោះដែលឧត្តម សុខ លូ បានថ្លែងអំណរគុណដល់កងកម្លាំងទាំង បីប្រភេទ ដែលស្វាហាប់​ប្រឹងប្រែង​អស់ពីកម្លាំងចិត្តកម្លាំងកាយ ជួយជញ្ជូនសម្ភារៈនិងស្បៀងអាហារ ចម្លងទឹកស្ទឹង ទៅដល់គោលដៅ ចែកអំណោយដោយសុវត្ថិភាព ទោះត្រូវធ្វើដំណើរផ្លូវប្រកបដោយសែនលំបាក ដោយសារទឹក​ជំនន់កាត់​ផ្លូវ​ថ្នាល់ ស្ពាន ចាំបាច់ត្រូវលីអំណោយឆ្លងកាត់ទឹកហូរខ្មួលខ្មាញ់ជាច្រើនកន្លែង ដោយយើងបានប្រើប្រាស់នូវ​មធ្យោបាយ គោយន្ត កាណូត និងកម្លាំងថ្មើរជើង។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញ​ផ្ទះ​ឱ្យបានស្អាត គេងក្នុងមុង ហូបស្អាត ផឹកទឹកដាំពុះ និងត្រូវប្រុងប្រយ័ត្នពីសត្វអាសិរពិស​ដែលវាបានទៅ​រស់នៅតាម​ដំបូលផ្ទះ​ឬកន្លែងផ្សេងៗក្នុងផ្ទះរបស់យើង ដែលពួកវាអាចបង្កគ្រោះថ្នាក់ដល់ជីវិត ។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខ បងប្អូនប្រជាពរដ្ឋ ពីសំណាក់​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល ដែលបានគិតគូរ ចំពោះចំពោះមុខ សុខទុក្ខ​របស់​បងប្អូនប្រជាពលរដ្ឋ ខណៈ ពេលដែល ទទួលរងគ្រោះ ដោយសារទឹកជំនន់ រួមទាំងបានចាត់ក្រុមការងារ​ថ្នាក់ខេត្ត ក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមទាំងសាខាកាកបាទក្រហម ចុះជួយប្រជាពលរដ្ឋឲ្យបាន​ទាន់ពេល​វេលា​នៅតាមមូលដ្ឋាន ដោយមិនទុកឱ្យបងប្អូនប្រជាពរដ្ឋ ណារងគ្រោះអត់អាហារដោយមិនបានដឹង​ឮពី​អាជ្ញាធរ​នោះឡើយ។

អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋនៅពេលនេះរួមមាន: អង្ករ មី ត្រីខ តង់ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹកសុទ្ធ៕