អភិបាលខេត្តកំពង់ធំ នាំយកគ្រឿងឧបភោគ​បរិភោគ និងថវិកាមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់​នៅវត្ត​ដែលខ្វះខាតចង្ហាន់នូវក្នុងដំណាក់កាលកូវីដ១៩ នេះ

46

(រដ្ឋបាលខេត្តកំពង់ធំ): នាថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២១ នៅក្នុងដំណាក់កាលកូវីដ១៩ នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ប្រគេនដល់​ព្រះសង្ឃគង់នៅវត្តដែលខ្វះខាតចង្ហាន់ ស្ថិតនៅក្នុងស្រុកតាំងគោក ៥វត្ត ស្រុកបារាយណ៍ ៤វត្ត ស្រុកសន្ទុក ៦វត្ត ស្រុកប្រាសាទបល្ល័ង្គ ៣វត្ត និងក្រុងស្ទឹងសែន ២វត្ត សរុប ២០វត្ត ស្មើនឹង ៣៣៧អង្គ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវដល់​បងប្អូន​ប្រជាពលរដ្ឋនិង​ពុទ្ធបរិស័ទទាំងអស់ នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ប្រសិនបើមានគោល​បំណង​យកចង្ហាន់មកប្រគេនព្រះសង្ឃ ឬធ្វើពិធីបង្សុកូល សូមកាត់បន្ថយអ្នកចូលរួម ត្រូវពាក់ម៉ាសការពារ រក្សា​គម្លាត​សុវត្ថិភាពបុគ្គលចាប់ពី ១.៥ម៉ែត្រឡើងទៅ ត្រូវយកទឹកអាកុល ឬជេលសម្រាប់លាងដៃ ជាប់ខ្លួនជានិច្ច ជាពិសេសសូមចូលរួមគោរពតាមវិធានការរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល “បីការពារ បីកុំ និងពីរចូលរួម” ឲ្យបានខ្ជាប់ខ្ជួន ប្រសិនបើមិនចាំបាច់សូមកុំចេញក្រៅផ្ទះឲ្យសោះ ដើម្បីការពារ​អាយុជីវិតយើង ក្រុមគ្រួសារយើង ចៀសផុតពីជំងឺដ៏កាចសាហាវមួយនេះ។

សូមបញ្ជាក់ផងដែរថា វត្តដែលខ្វះខាតក្នុងខេត្តកំពង់ធំមានចំនួន ៤០វត្ត ក្នុងចំណោម ៩ក្រុងស្រុក ក្នុងនោះ​រដ្ឋបាលខេត្តកំពង់ធំបានប្រគេនដល់ព្រះសង្ឃមានចំនួន ២០វត្ត មានព្រះសង្ឃសរុប ៣៣៧អង្គ ក្នុងស្រុកចំនួន ៥ស្រុក រួមមាន:
១.ស្រុកតាំងគោកមានចំនួន ៥វត្ត រួមមាន : វត្តគុហ៍ព្រះធាតុ មានព្រះសង្ឃ ១៩អង្គ វត្តទ្រៀល មានព្រះសង្ឃ ៤៥អង្គ វត្តគ្រើល មានព្រះសង្ឃ ១៨អង្គ វត្តទួលអណ្ដែត មានព្រះសង្ឃ ១៦អង្គ និងវត្តគីរីអណ្ដែត មានព្រះសង្ឃ ៥ អង្គ
២.ស្រុកបារាយណ៍មានវត្តចំនួន ៤វត្ត រួមមាន: វត្តភ្នំដា មានព្រះសង្ឃចំនួន ១៣អង្គ វត្តលឿក គ្មានព្រះសង្ឃ ១៧ អង្គ វត្តកងមាស មានព្រះសង្ឃ ៣៤អង្គ និងវត្តត្នោតជុំ មានព្រះសង្ឃ ២១អង្គ
៣.ស្រុកសន្ទុកមានវត្តចំនួន ៦ វត្ត រួមមាន វត្តសុធីរោ រតនារាម មានព្រះសង្ឃចំនួន ១៤អង្គ វត្តចមចុងគិរី មានព្រះសង្ឃចំនួន ១២អង្គ វត្តត្រៃសិក្ខារាម មានព្រះសង្ឃចំនួន ៣១អង្គ វត្តអាស្រមភ្នំស្រួច មានព្រះសង្ឃចំនួន ១៧ អង្គ វត្តអូរសោមរង្សី មានព្រះសង្ឃចំនួន ១០អង្គ វត្តអាស្រមពោធ៍រង្សីគិរីសត្ថារាម មានព្រះសង្ឃចំនួន ៩អង្គ
៤.ក្រុងស្ទឹងសែនមានវត្តចំនួន ២វត្ត រួមមាន វត្តសែនសិរី មានព្រះសង្ឃចំនួន ១១អង្គ វត្តទួលសត្ថារាម មានព្រះសង្ឃចំនួន ៩អង្គ
៥.ស្រុកប្រាសាទបល័ង្ក មានវត្តចំនួន ៣វត្ត រួមមាន អាស្រមចន្ទវ័ន មានព្រះសង្ឃចំនួន ៩អង្គ គគីសួស្ដី (គេន្ទាក) មានព្រះសង្ឃ ១៣អង្គ និងវត្តកែវមុនីបារមី មានព្រះសង្ឃចំនួន ១៤អង្គ

គួររំលឹកផងដែរថា សម្ភារៈដែលប្រគេនជូននេះ រួមមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ ទឹកសុទ្ធ ម៉ាស និងបច្ច័យមួយចំនួនផងដែរ។