អភិបាលខេត្តកំពង់ធំ និងគណៈប្រតិភូធនាគារពិភពលោក ចុះស្វែងយល់ពិនិត្យ និងធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តគម្រោងបែងចែកដី LASED II នៅឃុំទីពោ ស្រុកសន្ទុក

106

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ  ទទួលបន្ទុក​ការងារគម្រោងLASED II  និងលោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក អមដំណើរដោយក្រុម​ការងារ​គម្រោងបែងចែកដី បានចុះស្វែងយល់ពិនិត្យ និងធ្វើការវាយតម្លៃលើវឌ្ឍនភាពនៃ​ការអនុវត្តគម្រោងបែងចែកដី ដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន២ (LASED II) នៅទីតាំងដី​សម្បទាន​សង្គមកិច្ច ឃុំទីពោ ស្រុកសន្ទុក ខេត្តកំពង់ធំ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត បានថ្លែងអំណរគុណដល់គណៈប្រតិភូធនាគារពិភពលោកដែលបានមក​ទស្សនកិច្ច​នៅទីតាំងដីសម្បទានសង្គមកិច្ចនេះផ្ទាល់ និងបានសំណូមពរដល់បងប្អូនសម្បទានិកទាំងអស់ ត្រូវរក្សាដីរបស់បងប្អូនឲ្យបាន ហើយត្រូវខិតខំបង្កបង្កើនផល កុំទុកដីឲ្យនៅទំនេរ ប្រសិនបើបងប្អូនមិនបន្តខិតខំដោយខ្លួនឯងទេនោះ មិនមាននរណា​អាចជួយបងប្អូនបានរហូតនោះទេ។ បងប្អូនត្រូវខិតខំឧស្សាហ៍ព្យាយាមដោយខ្លួនឯង ដាំដំណាំរួមផ្សំជុំវិញផ្ទះ ចិញ្ចឹមសត្វ ដើម្បីបង្កើនជីវភាពគ្រួសាររបស់បងប្អូនឲ្យបានកាន់តែប្រសើរឡើង។ ឯកឧត្តមក៏បានសំណូមពរដល់ធនាគារពិភពលោក សូមបន្តជួយផ្ដល់សម្បទាន ជាជំនួយក្ដី ជាថវិកាហិរញ្ញប្បទានក្ដី ដើម្បីឱ្យរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ មានលទ្ធភាពរកដី ផ្ដល់ជូនបងប្អូនក្រីក្រផ្សេងទៀតដែលគ្មានដីនៅពិតប្រាកដ នៅឆ្នាំបន្តបន្ទាប់តទៅមុខទៀត។ 

លោកស្រី វិចតូរៀ ខ្វាខ្វា អនុប្រធានធនាគារពិភពលោកទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិកបានថ្លែងថា លោកស្រីមានក្ដីសោមនស្សរីករាយក្រៃលែង ដែលបានមកជួបបងប្អូនផ្ទាល់នៅទីនេះ ហើយឃើញ​សមិទ្ធផលទាំងឡាយ ដែលជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នាកន្លងមក។ សមិទ្ធផល​​ទាំងអស់នេះ បង្ហាញថាគម្រោង​LASED II ដែលរាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តកំពង់ធំ កំពុងអនុវត្តពិតជាបានជួយដល់បងប្អូនប្រជាពលរដ្ឋដែលក្រីក្រគ្មាន​ផ្ទះសំបែងពិតប្រាកដមែន។ រាល់ហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវ សាលារៀន មណ្ឌលសុខភាព ផ្សារ និងទីសាធារណៈមួយចំនួននៅទីនេះ ពិតជាផ្ដល់ដល់បងប្អូន នៅក្នុងសហគមន៍ បានប្រើប្រាស់ ព្រោះនេះជាចំណុចសំខាន់​នៅក្នុងការអភិវឌ្ឍសហគមន៍របស់យើង។ លោកស្រី សង្ឃឹមថា​ ធនាគារពិភពលោកនឹងបន្តជួយគាំទ្រ​ដល់បងប្អូន​បន្តទៀតទាំងផ្នែក សម្រួលកម្រិតជីវភាពរស់នៅរបស់បងប្អូន និងផ្នែកអប់រំសុខមាលភាពផ្សេងៗ ដើម្បីឱ្យបងប្អូនរស់នៅមាន​ជីវភាពកាន់តែប្រសើរឡើង។

សូមរំលឹកថា ការបែងចែកដីសម្រាប់គម្រោងអភិវឌ្ឍន៍សង្គមកិច្ច និងសេដ្ឋកិច្ច គឺជាគម្រោងមួយដើម្បីគាំទ្រការ​អនុវត្ត​កម្មវិធីសម្បទានសង្គមកិច្ចរបស់រាជរដ្ឋាភិបាល ដើម្បីចែកដីដល់កសិករក្រីក្រ និងដីធ្លីតាមរយៈដីសម្បទានសង្គមកិច្ច ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងក្រុមងាយរងគ្រោះ។ LASED II អនុវត្តសមូហភាពសង្គមកិច្ចឃុំ សង្កាត់ គឺជាការផ្ទេរដីរដ្ឋឯកជន ជូនដល់ជនក្រីក្រ ក្នុងគោលបំណងចិញ្ចឹមគ្រួសារ និង/ឬគ្រួសារដែលផ្តួចផ្ដើមដោយឃុំ និងសមាជិកឃុំ។ ដោយឡែកនៅខេត្តកំពង់ធំ គម្រោង​LASED II ចាប់ផ្ដើមដំណើរការតាំងពី ខែសីហា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្ននេះ សម្បទានិកបានចូលតាំងទីលំនៅអចិន្ត្រៃយ៍សរុបចំនួន៣៥០គ្រួសារ មិននៅអចិន្ត្រៃយ៍​ចំនួន៨៣៨គ្រួសារ និងទៅមកចំនួន៤១គ្រួសារ ហើយគម្រោងបានផ្ដល់វិញ្ញាបនបត្រសម្គាល់អចលនវត្ថុដល់សម្បទានិក​ចំនួន៧៧៦គ្រួសារ ដែលស្មើនឹង១ ៣៥១ប័ណ្ណ និងផ្ដល់វិញ្ញាបនប័ត្រសម្គាល់អចលនវត្ថុ សម្រាប់ដីសាធារណៈ ចំនួន ១៧ប័ណ្ណ នៅទីពោតំបន់១ និងតំបន់២ រួមមាន៖ សាលារៀន ផ្សារ ប៉ុស្តិ៍សុខភាព វត្ត ទីតាំងដីទឹកស្អាត មណ្ឌលកុមារ ត្រពាំងទឹក ដីសម្រាប់កប់ខ្មោច និងដីស្រះទឹក៕