អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញកាន់បិណ្ឌវេនទី៨ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ក្នុងក្រុងស្ទឹងសែន

180

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ-អង្គភាព និងមន្ត្រីរាជការរដ្ឋបាលខេត្ត នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៧នេះ បានចូលរួមពិធីកាន់បិណ្ឌវេនទី៨ ជាមួយបងប្អូនពុទ្ធបរិស័ទ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាវត្តមានវ័យចំណាស់មួយ ក្នុងតំបន់នេះ ហើយបច្ចុប្បន្នទីអារាមវត្តទាំងមូល មានការរីកចំរើន យ៉ាងខ្លាំងអាស្រ័យដោយទទួលបាន ការជួយឧបត្ថម្ភគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទ្ធមកពីទីជិតទីឆ្ងាយ ដែលមានសមិទ្ធផលគ្រប់គ្រាន់ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ខាងវិស័យព្រះពុទ្ធសាសនា។

លើសពីនេះទៀតឯកឧត្តមបន្ថែមថា បុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យ ដ៌ធំមួយក្នុងចំណោមពិធីបុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើក្នុងរយះពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១រោចខែភទ្របទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ តាមទំនៀមទំលាប់ប្រពៃណីរបស់ជាតិខ្មែរកាន់ព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខនវីរៈយុទ្ធជនយុទ្ធនារី អ្នកស្នេហាជាតិ និងប្រជាពលរដ្ឋ ដែលបានទទួលមរណភាព ក្នុងបុព្វហេតុតស៊ូរំដោះ និងបំរើប្រទេសជាតិមាតុភូមិ និងញាតិសន្តានសូមបានទៅកាន់ ទីឋានសុគតិភពជារៀងរហូត។

ក្នុងឱកាសនៃការអញ្ជើញ ចូលរួមក្នុងពិធីបុណ្យកាន់បិណ្ឌវេនទី៨នេះដែរ ឯកឧត្តម ក៏បាននាំយកនូវទ័យ្យទានវេប្រគេនដល់ព្រះសង្ឃ រួមមាន៖ អង្ករ ៥០០គីឡូក្រាម, មី ១២កេស, ទឹកក្រូច ១០កេស, ទឹកសុទ្ធ ២០កេស, ទេយ្យទាន ១២ប្រអប់ ប្រគេនបច្ច័យកសាងវត្ត ចំនួន ៤.០១៥.០០០រៀល និងយាយជី តាជី៣០នាក់ ម្នាក់ៗក្រណាត់ស ១ដុំ ថវិកា ៥ពាន់រៀលផងដែរ៕