អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីខួបលើកទី១០៨ ទិវានារីអន្តរជាតិ ៨មិនា ឆ្នាំ២០១៩

105

ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​អញ្ជើញ​ជា អធិបតីភាព ខួប​លើក​ទី១០៨ ទិវា​នារី​អន្តរជាតិ ៨មិនា ឆ្នាំ២០១៩ ដែល​បានរៀបចំ​ឡើង​នៅ​សា​ស​ប្រជុំ​សាលាខេត្ត​កំពង់ធំ មាន​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព ដែលជា​នារី ចូលរួម​យ៉ាង​អធឹក​អធម នា​រសៀល​ថ្ងៃទី ៤ ខែ មិនា ឆ្នាំ២០១៩ នេះ។

លោកជំទាវ លំ គន្ធា​រី អភិបាលរង​ខេត្តកំពង់ធំ បាន​អាន​ព្រះរាជសារ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនីនាថ​សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល រួចមក ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​មានប្រសាសន៍ កោតសរសើរ ប្រធានមន្ទីរ ស្ថាប័ន អង្គភាព ក្រុង​ស្រុក ដែល​បានរួម​គ្នា ប្រារព្វ​ពិធី ខួប​លើក​ទី១០៨ នារី​អន្តរជាតិ ៨ មិនា ឆ្នាំ ២០១៩ នេះ​ឡើង និង​បាន ប្រារព្វ​ឡើងជា​រៀងរាល់ឆ្នាំ ។ ក្នុងនោះ​មិនមែន​មាន​សេចក្តី​ថា សិទ្ធិនារី មានតែ​មួយថ្ងៃ​នោះទេ តែ​វា​គឺជា​ខួប១០៨ ឆ្នាំ​នៃ​ទិវា​នារី​អន្តរជាតិ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​យកចិត្តទុកដាក់ និង​លើកកម្ពស់​ស្រ្តី ។ នៅកន្លែង​ធ្វើការ​នីមួយៗ ស្រ្តី​បាន​ដើរតួនាទី​ស្មើ​រ​នឹង​បុរស ចូលរួម​ក្នុង​កិច្ចការ​អភិវឌ្ឍន៍សង្គម និង​ប្រទេសជាតិ ។

ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ បាន​សំណូមពរ ឲ្យ​តាម​មន្ទីរ អង្គភាព មន្រ្តីរាជការ សហការគ្នា ឲ្យ​បាន ស្អិត​រ​មួត ដែល​ការ​សាមគ្គី​នេះ គឺ​ធ្វើ​ឲ្យ​យើង​ទទួលបាន​ជ័យជំនះ ។ គ្មាន​ជ័យជំនះ​ណា​ដែល​មិនមាន​សាមគ្គី​គ្នា ឯកភាព​ផ្ទៃក្នុង​នោះទេ កន្លងមកនេះ​ដោយសារ​យើង​បានរួម​គ្នា​ធ្វើការងារ​ជាច្រើន​រហូត​ទទួលបាន​ស្នាដៃ តែ​បើសិនជា​គ្មាន​ការចូលរួម​ពីសំណាក់ ឯកឧត្តម លោក លោកស្រី​ទេ ក៏​មិនបាន​ជោគជ័យ​នោះដែរ ជាពិសេស​នារី​ដែល​ធ្វើការ​នៅកន្លែង​ធ្វើការ​ក្តី ឬ​ធ្វើការ​នៅផ្ទះ ថែ​រទាំ​កូនចៅ​ក្តី ក៏មាន​តំលៃ​ស្មើ​រ​នឹងធ្វើ​ការ​រាជការ ឬ​ធ្វើការ​ខាងក្រៅ​ដែរ ដែលជា​ការបំពេញ​តួនាទី​ដ៏​សំខាន់​ក្នុងការ​លើកទឹកចិត្ត ស្វាមី បង ប្អូន និង​បាន​ចូលរួម​អនុវត្ត​នូវ​គោលនយោបាយ​ភូមិ​ឃុំ​សុ​វត្តិភាព ដែល​ឆ្នាំនេះ​គឺ​ទទួលបាន​ជោគជ័យ ដោយ​ពុំមាន​ឃុំ សង្កាត់​ណា​ធ្លាក់​លេខ​នោះឡើយ ដែលជា​លទ្ធផល​ល្អ​ជាង​ឆ្នាំ​កន្លងទៅ ។

ចុងក្រោយ ឯកឧត្តម សុខ លូ និង​លោកជំទាវ បានប្រគល់​នូវ​បាច់​ផ្កា​ជូន​ដល់​លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោកជំទាវ​អភិបាលរង​ខេត្ត តំណាង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​ក្រុង​ស្រុក ជានា​រី ព្រមទាំង​ថតរូប​ជា​អនុស្សាវរីយ៍​ប្រកបដោយ​បរិយាកាស​រីករាយ​បំផុត ។