អភិបាលខេត្តកំពង់ធំ និងលោកជំទាវ អញ្ជើញជាអធិបតីក្នុងពិធីសិតរូបសំណាកអាចារ្យលាក់ ដែលនឹងយកទៅកម្កល់នៅផ្លូវច្រមុះជ្រូក ចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន

140

(រដ្ឋបាលខេត្តកំពង់ធំ)៖ ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពក្រុងស្ទឹងសែន រដ្ឋបាលបាលខេត្តកំពង់ធំ ក្រោមការដឹកនាំរបស់ឯកឧត្តម សុខ លូ អភិបាលខេត្កំពង់ធំ និងថ្នាក់ដឹកនាំជាច្រើនរូប បានសម្រេចឲ្យមានការស្ថាបនាសាងសង់សួនច្បារ និងរូបសំណាកអាចារ្យលាក់ សិតពីស្ពាន់ និងលោហធាតុផ្សេងៗ ដែលមានកំពស់ ៤,៥ម៉ែត្រ ទំងន់ប្រហែល ២,៥តោន កម្ពស់ជើងទម្រ ៥,៤៥ម៉ែត្រ សរុបទាំងអស់ ៩,៩៥ម៉ែត្រ ដែលពិធីបុណ្យនេះ ត្រូវបានប្រារព្ធធ្វើរយៈពេលពីរថ្ងៃ នាថ្ងៃទី៥-៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ដែលនឹងត្រូវយកទៅតម្កល់នៅផ្លូវច្រមុះជ្រូក (ចំណុចផ្លូវប្រសព្វ ផ្លូវវាងក្រុងស្ទឹងសែន) ។

ឆ្លៀតក្នុងពិធីសិតរូបសំណាកនោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា រូបសំណាកអាចារ្យលាក់ គឺជារបស់យើងទាំងអស់គ្នា កើតចេញពីយើងទាំងអស់គ្នា ហើយសមិទ្ធិផលទាំងនេះអាចកើតមានបាន លុះត្រាប្រទេសជាតិមានសុខសន្តិភាព ព្រមទាំងមានការចូលរួមពីមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ឯកឧត្តម លោកជំទាវលោក លោកស្រី មន្ត្រីរាជការជុំវិញខេត្ត សប្បុរសជន ពុទ្ធបរិស័ទ្ធជិតឆ្ងាយ ក្មួយៗ សិស្សានុសិស្សទាំងអស់ ដែលបានរួមកម្លាំងសាមគ្គីចូលរួមជួយក្នុងពិធីបុណ្យរយៈពេលពីរថ្ងៃនេះ ប្រព្រឹត្តទៅដោយរលូន ជោគជ័យតាមអ្វីដែលយើងបានគ្រោងទុក។

ឯកឧត្តម បន្ថែមទៀតថា ប្រវត្តិរូបសំណាកអាចារ្យលាក់នេះ ដើម្បីរំឭកអំពីប្រវត្តិនៃការតស៊ូ ជាមេទ័ពអង់អាចក្លាហាន ហើយក៏ជាបុគ្គលមួយរូបដែលមានមន្តអាគមក្នុងការព្យាបាលជម្ងឺ និងចេះក្បាច់គុណខ្លាំងពូកែ ជាពិសេសគឺការប្រើដាវ។ ក្រោយមកនៅខែធ្នូ ឆ្នាំ១៨៦៧ លោកត្រូវបានគេសម្លាប់។

ឯកឧត្តមបន្តទៀតថា វីរៈភាពតស៊ូរបស់លោកអាចារ្យលាក់ ត្រូវបានគេចងចាំជានិច្ច ហើយសព្វថ្ងៃនេះ យើងឃើញមានភូមិមួយនៃខេត្តកំពង់ធំក៏មានឈ្មោះថា ភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ។ ទន្ទឹមនឹងនោះ ឯកឧត្តមបញ្ជាក់ទៀតថា រូបសំណាកអាចារ្យលាក់ មានរូបរាងក្នុងរបៀបជាអ្នកតស៊ូ អ្នកចេះវិជ្ជាគុន អ្នកចេះមន្តអាគម អ្នកព្យាបាលជំងឺ។ ផ្នែកខាងមុខ ដៃទាំងសងខាង កាន់ដាវរាងកោងដកចេញពីស្រោមបានបន្តិច ក្នុងគោលបំណង បង្ហាញអំពីកេតនភណ្ឌដែលគាត់យកមកប្រើប្រាស់ក្នុងការប្រយុទ្ធតស៊ូ នឹងបង្ហាញអំពីវីរភាពនៃការតស៊ូ ឬអ្នកក្លាហាន។ ជើងខាងឆ្វេងមានភ្ជាប់ចបជីក ក្នុងគោលបំណងបង្ហាញឲ្យឃើញថា អាចារ្យលាក់គឺជាគ្រូមន្តអាគមមើលជំងឺ ចេះផ្សំថ្នាំព្យាបាល -ល-។ ផ្នែកខាងក្រោយខ្នង មានស្នា និងបំពង់ដាក់គ្រាប់ស្នា ក្នុងគោលបំណងបង្ហាញឲ្យឃើញថា នៅពេលលោកអាចារ្យលាក់ចេញប្រយុទ្ធតស៊ូជាមួយបារាំង ក្រៅពីការប្រើដាវ គឺលោកបានប្រើប្រាស់អាវុធជាស្នា ដែលផ្លែមានលាភដោយពិសពស់ ឬផ្លែឈើពុលផ្សេងៗ ជាដើម៕