អភិបាលខេត្តកំពង់ធំ បានណែនាំដល់អាជ្ញាធរមូលដ្ឋាន រាល់ការធ្វើប័ណ្ណសមធម៌ ត្រូវតែមានភាពច្បាស់លាស់ ប្រកបដោយតម្លាភាព និងសុច្ចរិតភាព

28

(រដ្ឋបាលខេត្តកំពង់ធំ): ស្របពេលដែលប្រទេសនៅទូទាំងពិភពលោក រួមទាំងប្រទេសកម្ពុជា កំពុងតែទទួល​រងគ្រោះ​ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២០ នៅក្នុងកិច្ចប្រជុំប្រចាំខែ​របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ប្រមុខ​រាជ​រដ្ឋាភិបាល​កម្ពុជា បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ និងងាយ​រងគ្រោះ​ដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការលំបាកជូនបងប្អូនជា​ប្រជាពលរដ្ឋក្រីក្រ​ពិត​ប្រាកដ។ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ត្រូវខិតខំធ្វើកិច្ចការងារនេះ អោយបានច្បាស់លាស់​និងហ្មត់ចត់បំផុត ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់​កម្មវិធីឧបត្ថម្ភ​សាច់ប្រាក់នេះ ។

លើសពីនេះទៀត ឯកឧត្តមបាន ជំរុញឲ្យអាជ្ញាធរមូលដ្ឋានខិតខំផ្សព្វផ្សាយបន្តទៀតអំពីបញ្ហាមេរោគកូវីដ-១៩ ព្រោះជំងឺនេះ នៅតែជំងឺឆ្លងរាតត្បាតដ៏កាចសាហាវបំផុតដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយ កុំធ្វេស​ប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានជំរុញដល់មន្ត្រីជំនាញត្រូវខិតខំធ្វើការកាត់ឆ្វៀលដី​ជូនប្រជាពលរដ្ឋដែល​កំពុង​រស់​នៅអាស្រ័យផលជាក់ស្តែងក្នុងតំបន់អភិរក្ស តំបន់សត្វព្រៃ និងតំបន់ការពារផ្សេងៗរបស់រដ្ឋ និងហាម​កាប់​ឆ្ការទន្រ្ទានវាតទីយកដីបន្ថែម គឺមិនអនុញ្ញាត្តិជាដាច់ខាត ព្រមទាំងរួមគ្នាទប់ស្កាត់ការដឹកជញ្ជូនផល​អនុផល​ព្រៃឈើខុសច្បាប់ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន និងល្បែងស៊ីសងជាដើម។