អភិបាលខេត្តកំពង់ធំ បើកវិញ្ញាសាប្រឡងក្របខ័ណ្ឌលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក

122

រដ្ឋបាលខេត្តកំពង់ធំ៖ នៅក្នុងពិធីបើកវិញ្ញាសាសម្រាប់ការប្រឡងជ្រើសរើសបេក្ខជនបញ្ចូលក្នុងក្របខ័ណ្ឌ លេខាធិការរដ្ឋបាល នៃក្រសួងមហាផ្ទៃ នៅវិទ្យាល័យ ហ៊ុនសែនបល្ល័ង្ក នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម សុខ លូ ថ្លែងថា វិញ្ញាសា​ប្រឡងនេះ ត្រូវបានរៀបចំដោយគណៈកម្មការកណ្តាល នៃគណៈកម្មការរៀបចំការប្រឡងរបស់ក្រសួងមហាផ្ទៃ ដោយមាន​ការ​ចាត់តាំង​មន្ត្រីក្រសួងមហាផ្ទៃ នាំយកវិញ្ញាសាមកប្រឡងនេះ ព្រមទាំងមានការរក្សាទុកនៅកន្លែងមានសុវត្ថិភាព។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបង្ហាញវិញ្ញាសាជូនដល់បេក្ខជនប្រឡង ធ្វើការពិនិត្យភាពបិទជិត មានបិទស្កុត និងត្រាស្រោមប្រធានវិញ្ញាសា នៅចំពោះមុខបេក្ខជន និង គណៈកម្មការមេប្រយោគ ចូលរួមជាសាក្សី ដើម្បីបញ្ជាក់ថា វិញ្ញាសានេះពិតជាពុំមានរហែក ឬបែកធ្លាយពិតប្រាកដមែន។

ទន្ទឹមនឹងនោះឯកឧត្តម សុខ លូ បានណែនាំដល់បេក្ខជនទាំងអស់ ត្រូវអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងឲ្យបានល្អ ជាពិសេស​ក្នុង​ការ​ប្រឡងត្រូវប្រឹងប្រែងអស់ពីសមត្ថភាព មិនត្រូវលួចចម្លង ឬមានបំណងចម្លង មិនត្រូវពិភាក្សា ឬចម្លងគ្នាឡើយ មិនត្រូវគូសសញ្ញាសម្គាល់លើក្រដាស់វិញ្ញាសា និងឧបករណ៍អេឡិចត្រូនិច មិនត្រូវយកចូលក្នុងបន្ទប់ប្រឡងបានឡើយ ពីព្រោះការប្រឡងនេះមនគឺជាការប្រកួតប្រជែងយក​អ្នកដែលបានពិន្ទុល្អជាងគេទើប​អាចចូល​បម្រើក្នុងក្របខ័ណ្ឌបាន។

យោងតាមប្រសាសន៍លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានគណៈកម្មាធិការមេប្រយោគ​ប្រចាំមណ្ឌល​ប្រឡងខេត្តកំពង់ធំ បានឲ្យដឹងថា បេក្ខជន ដែលបានដាក់ពាក្យប្រឡង ក្នុងក្របខណ្ឌមន្ត្រីលេខាធិការរដ្ឋបាល ក្រសួងមហាផ្ទៃ មានចំនួន ៣៤៤នាក់ ស្រី ២១៩នាក់ មានចំនួន ១មណ្ឌលប្រឡង ស្មើនឹង១៤បន្ទប់ ការប្រឡងនេះត្រូវបានប្រព្រឹត្តទៅតែរយៈពេលមួយព្រឹកប៉ុណ្ណោះ លើវិញ្ញាសារចំនួន០២៖ ទី១.ចំណេះដឹងទូទៅ ចំណេះដឹងកិច្ចការរដ្ឋបាល និងគណិតវិទ្យា ទី២.វិញ្ញាសាតែងសេចក្តី ឬការសរសេរលិខិតរដ្ឋបាល៕