អភិបាលខេត្តកំពង់ធំ ប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការចំនួន ១៧រូប នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត

211

ស្របពេលដែលប្រទេសជាតិទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យឥតឈប់ឈរ ពីមួយថ្ងៃទៅមួយថ្ងៃនោះ ព្រមទាំងមានការទំនុកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកំពង់ធំ បានរៀបចំពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីរាជការចំនួន ១៧រូប នៅក្នុងរចនាសម្ព័ន្ធសាលាខេត្ត និងមន្ទីរអង្គភាពជុំវិញខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត។

បន្ទាប់ពីលោក សួគ៌ ច័ន្ទតារា នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្ស បានអានដីកាតែងតាំងរួចមក ឯកឧត្តម សុខ លូ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកម្លាំងជំនាញទាំងអស់ ដែលបានខិតខំរួបរួមគ្នាទប់ស្កាត់ និងបង្ក្រាបបទល្មើសខុសច្បាប់នានា ក្នុងទឹកដីខេត្តកំពង់ធំ សម្រេចបាននូវលទ្ធផលការងារយ៉ាងល្អប្រសើរ។ ប៉ុន្តែទោះបីជាកម្លំាងជំនាញ នាំគ្នាទប់ស្កាត់ដូចភ្លៀងរលឹមក៏ដោយ នៅតែមិនទាន់ទប់ស្កាត់បទល្មើសទាំងនោះបានទាំងស្រុងដែរ ដូច្នេះ សូមមន្ត្រីជំនាញទាំងអស់ ត្រូវខិតខំធ្វើការងារនេះបន្តទៀត ប្រកបដោយប្រសិទ្ធិភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានោះដែរ ឯកឧត្តមស្នើដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំស្វែងយល់អំពីកំណែទម្រង់ថ្មី នៃមន្ត្រីរាជការស៊ីវិល របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសត្រូវខិតខំអនុវត្តនូវតួនាទី ភារកិច្ច ជាមន្ត្រីរាជការ ដែលថ្នាក់លើបានប្រគល់ជូន ដើម្បីបម្រើប្រទេសជាតិ បម្រើប្រជាពលរដ្ឋ មិនមែនគិតតែផលប្រយោជន៍ខ្លួនឯងនោះទេ។ ត្រូវធ្វើជាមន្ត្រីរាជការល្អ ចេះសហការគ្នា សាមគ្គីគ្នា ស្រលាញ់គ្នា ដូចបងប្អូន ដូចគ្រួសារតែមួយ ដើម្បីចូលរួមអភិវឌ្ឍន៍ខេត្តឲ្យមានភាពរីកចំរើនគ្រប់វិស័យបន្ថែមទៀត។

ឯកឧត្តម ឈុន ឈន់ បានស្នើសុំដល់មន្ត្រីចាស់ និងមន្ត្រីដែលទើបនឹងទទួលមុខតំណែងថ្មីនេះ ត្រូវខិតបម្រើសេវាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមានការជឿទុកចិត្តពីប្រជាពលរដ្ឋ។ ហើយរៀងរាល់មុខតំណែងទាំងអស់ តែងតែមានមន្ត្រីបន្តវេណជាបន្តបន្ទាប់ ដូច្នេះ សូមមន្ត្រីទាំងអស់ ត្រូវបង្កើននូវចំណេះដឹង ពង្រឹងនូវសមត្ថភាពរបស់ខ្លួន ត្រូវគោរពវិន័យការងារ ព្រមទាំងខិតខំធ្វើការងារប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយត្រូវអនុវត្តនូវអភិក្រមទាំង៥ របស់រាជរដ្ឋាភិបាលកម្ពុជា ងូតទឹក ឆ្លុះកញ្ចក់ ដុសក្អែល ព្យាបាល និងវះកាត់។

លោក អ៊ឹម សារឿន ដែលទើបទទួលបានមុខតំណែងថ្មីជាប្រធានការិយាល័យប្រជាពលរដ្ឋ តំណាងឲ្យមន្ត្រីទាំង១៧រូប បានប្តេជ្ញាចិត្ត ដើម្បីជាការដឹងគុណដ៏ជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានសម្រេចផ្តល់នូវការទុកចិត្តចំពោះខ្លួនលោក លោកនឹងខិតខំអនុវត្តការងារជូនប្រទេសជាតិ និងអនុវត្តការងារតាមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំខេត្ត ហើយប្តេជ្ញារក្សានូវភាពសាមគ្គី សហការជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋដោយមិនរើសអើងឡើយ៕