អភិបាលខេត្តកំពង់ធំ ប្រជុំដោះស្រាយបញ្ហាដីរដ្ឋ ចំនួន ១៧ករណី នៅតាមបណ្តាស្រុកមួយចំនួន

198

ព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដើម្បីធ្វើការដោះស្រាយបញ្ហាដីមួយចំនួន ជូនដល់ប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត មន្ត្រីថ្នាក់ដឹកនាំខេត្ត បណ្តារមន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអភិបាលស្រុក ផងដែរ ។

ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា សូមក្រុមការងារដែលទទួលបន្ទុកដោះស្រាយបញ្ហាដីធ្លីនេះ ពិនិត្យ និងដោះស្រាយបញ្ហាទំនាស់ដីធ្លី និងសំណូមពរផ្សេងៗ ឲ្យបានច្បាស់លាស់ ត្រូវបន្តខិតខំយកចិត្តទុកដាក់បន្ថែមទៀត និងដោះស្រាយបញ្ហាណាដែលជាបញ្ហាអាទិភាពមុនគេ ដើម្បីឲ្យប្រជាពលរដ្ឋដែលក្រីក្រ និងពុំមានដីសម្រាប់អាស្រ័យផលពិតប្រាកដ ។ ត្រូវធ្វើការដោះស្រាយឲ្យបានចប់មុនការបោះឆ្នោតឆ្នាំ២០១៨ ខាងមុខនេះ ។ កន្លងមកថ្នាក់ដឹកនាំខេត្ត បានធ្វើការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋបានជាបន្តបន្ទាប់ ប៉ុន្តែមិនទាន់ដោះស្រាយបញ្ហាដីធ្លីនេះទំាងអស់បានទេ ករណីនេះយើងត្រូវធ្វើការដោះស្រាយជាដំណាក់កាល ហើយរដ្ឋបាលខេត្តកំពង់ធំ នឹងត្រៀមរកដីបម្រុងទុក ដែលជាដីរបស់រដ្ឋ សម្រាប់ប្រជាពលរដ្ឋដែលខ្វះដី និងមិនមានដីពិតប្រាកដ ។

ម្យ៉ាងវិញទៀតឯកឧត្តម មានប្រសាសន៍ដាស់តឿន ដល់លោកអភិបាលក្រុង ស្រុកទំាងអស់ ក្នុងរដូវស្សានេះ ជាពិសេសស្រុកដែលនៅជាប់ដងស្ទឹងសែន ត្រូវធ្វើរបាយការណ៍មករដ្ឋបាលខេត្តឲ្យបានជារៀងរាល់ថ្ងៃ ដើម្បីរដ្ឋបាលខេត្តគ្រប់គ្រងបាននូវស្ថានភាពទឹកជំនន់នៅស្ទឹងសែន ងាយស្រួលក្នុងការប្រកាសភាពសន្នពេលកើតមានឡើង ។ ឯកឧត្តមបានរំលឹកបន្ថែមទៀតថា សូមមន្ត្រីគ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តចុះទៅមូលដ្ឋានឲ្យបានច្រើន ជាងការធ្វើកិច្ចការនៅនឹងការិយាល័យ ៕