អភិបាលខេត្តកំពង់ធំ ប្រគេនទៀនវស្សា និងទេយ្យទានផ្សេងៗ ដល់វត្តចំនួន ១០ នៅក្នុងខេត្តកំពង់ធំ

50

នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ ព្រមទាំង​ឯកឧត្តម លោកជំទាវ ក្រុមការងារចុះជួយក្រុងស្ទឹងសែន និងមន្ត្រីរាជការជុំវិញខេត្ត រៀបចំពិធីប្រគេនទានវស្សា និងទេយ្យទានផ្សេងៗដល់វត្តចំនួន ១០ ក្នុងខេត្តកំពង់ធំ នៅវត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ ស្ថិតនៅក្នុង​ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ក្នុងឱកាសនោះដែរឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា បុណ្យចូលវស្សា គឺជាពិធីបុណ្យមួយដែល​មាន​សារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ក្នុងចំណោមពិធីបុណ្យផ្សេងៗទៀត ហើយក៏ជាពេលវេលាមួយ តម្រូវឲ្យ​ព្រះសង្ឃ គង់នៅក្នុងវត្ត រយៈពេល៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ១៥ កើត ខែអស្សុជ ក្នុងរដូវ​ធ្លាក់ភ្លៀង និងមិនអនុញ្ញាតអោយនិមន្តទៅទីឆ្ងាយ លើកលែងតែមានភារកិច្ចសំខាន់ចាំបាច់ ហើយក៏ជាឱកាស​សម្រាប់​ព្រះសង្ឃ បានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរាជរដ្ឋាភិបាល ដឹកនាំដោយ​សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានគិតគូរយ៉ាង​ខ្លាំង​ដល់ជីវភាព​ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាក៏ដូចជាប្រទេស​ស្ទើរ​ទាំង​អស់​​​​​លើ​ពិភពលោកកំពុងជួបប្រទះបញ្ហាជំងឺកូវីដ-១៩ បានដាក់ចេញនូវ «កម្មវិធីផ្តល់សាច់ប្រាក់ជូន​ប្រជា​ពលរដ្ឋ​ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារផលប៉ះពាល់នៃជំងឺកូវីដ-១៩» ដើម្បីកាត់បន្ថយការ​លំបាកជូន​បងប្អូនជាប្រជាពលរដ្ឋក្រីក្រពិតប្រាកដ។

ទន្ទឹមនឹងនោះឯកឧត្តមក៏បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន លោកអភិបាលក្រុងស្រុក សមាជិកក្រុម​ប្រឹក្សាក្រុង​ស្រុក​លោកមេភូមិ មេឃុំ និងក្រុមប្រឹក្សាឃុំ/ចៅសង្កាត់ និងក្រុមប្រឹក្សាសង្កាត់ ដែលត្រូវតែធ្វើកិច្ចការនេះឲ្យ​បាន​​ច្បាសលាស់និងហ្មត់ចត់បំផុត ដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាព​ក្នុងការផ្តល់សេវា​សម្រាប់កម្មវិធី​ឧបត្ថម្ភសាច់ប្រាក់នេះ ។

ទេយ្យទានវេរប្រគេនព្រះសង្ឃទាំង ១០វត្ត ក្នុងមួយវត្តទទួលបាន ទៀនវស្សា ១គូ អង្ករ ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកសុទ្ធ ទឹកក្រូច និងបច្ច័យមួយចំនួន៕