អភិបាលខេត្តកំពង់ធំ ផ្តល់ប័ណ្ណសរសើរ និងថវិកាដល់រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព

154

ឯកឧត្តម សុខ លូ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ថ្លែងថា សូមកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ សមត្ថកិច្ចជំនាញ អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋ ចូលរួមថែរក្សាការពារនូវសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសព្រៃឈើ បទល្មើសនេសាទ បញ្ហាគ្រឿងញៀន ឲ្យបានទាន់ពេលវេលា ជាពិសេសការងារពាក់ព័ន្ធទៅនឹងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយក្នុងមូលដ្ឋានតាមការណែនាំរបស់ក្រសួងមហាផ្ទៃ និងពង្រឹកការអនុវត្តន៍ប្រចាំបញ្ជាប្រកបដោយការទទួលខុសត្រូវខ្ពស់នៅក្នុងកិច្ចដំណើរការ នៃការបោះឆ្នោតជ្រើសរើសជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៦ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ខាងមុខនេះ ប្រកបដោយដំណើរការរលូន។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីផ្តល់ប័ណ្ណសរសើរ និងថវិកាដល់រដ្ឋបាលឃុំសង្កាត់ និងប៉ុស្តិ៍នគរបាលរដ្ឋបាល ខេត្តកំពង់ធំ ដែលមានស្នាដៃល្អ ក្នុងការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅព្រឹកចន្ទ ៨រោច ខែពិសា ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀតថា សូមលោក លោកស្រីថ្នាក់ដឹកនាំមន្ទីរអង្គភាព ខិតខំចុះមូលឲ្យបានកើនឡើងទ្វេរដង ដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋ ស្តាប់នូវសំណូមពរ និងទទួលយកបញ្ហាដែលពួកគាត់កំពុងជួបប្រទះ ដើម្បីស្វែងរកដំណោះស្រាយជូនពួកគាត់ឲ្យបានទាន់ពេលវេលា ជាពិសេស អាជ្ញាធរមូលដ្ឋាន ខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរថែមទៀត ប្រកបដោយតម្លាភាព និងប្រសិទ្ធភាពខ្ពស់។

ក្នុងនោះដែរឯកឧត្តម សុខ លូ ក៏បានអំពាវនាវស្នើដល់ «អាជ្ញាធរភូមិ-ឃុំ សហការល្អជាមួយសមត្ថកិច្ច ក្នុងមូលដ្ឋានទាំងអស់ត្រូវរួមគ្នាបង្ការ និងទប់ស្គាត់ ឲ្យបានទាន់ពេលវេលា រាល់បទល្មើសនានា ពិសេសបញ្ហាចែកចាយ ប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសងគ្រប់ប្រភេទនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម ឲ្យល្អប្រសើរថែមទៀត»។ សូមបញ្ជាក់ថា សម្រាប់ខេត្តកំពង់ធំ មាន ៨១ឃុំ-សង្កាត់ ក្នុងនោះជ័យលាភីលេខ១ មាន ៥៨ឃុំ-សង្កាត់ ជ័យលាភីលេខ២ មាន ១៥ឃុំ-សង្កាត់ និងជ័យលាភីលេខ៣ មាន ៨ឃុំ-សង្កាត់ ៕