អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរ​បង្កើបង្កើនផលជាធម្មតា និងបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ១៩កាន់តែខ្លាំង ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល

24

(រដ្ឋបាលខេត្តកំពង់ធំ)៖ ថ្លែងនៅក្នុងពិធីចែកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​ខេត្ត ជូនដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ៧៥គ្រួសារ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំប្រកបមុខរបរបង្កើបង្កើនផល ចិញ្ចឹម​សត្វពាហនៈជាធម្មតា វាមិនមានការឆ្លងនោះទេ និងបន្តអំពាវនាវឲ្យចូលរួមការពារជំងឺកូវីដ១៩ កាន់តែ​ខ្លាំង​ខណៈជំងឺនេះមិនទាន់មានថ្នាំព្យាបាល ស្ថិតនៅអនុវិទ្យាល័យព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍បន្តទៀតថា ជំងឺ COVID-១៩នេះ ជាជំងឺមួយដែលឆ្លង​រាលដាល​លឿន ហើយកាចសាហាវណាស់ ដែលយើងពិបាកប៉ាន់ស្មាននៃការរីករាលដាលជំងឺនេះ ដូច្នេះ សូមពុកម៉ែបងប្អូនបង្កើននូវការយកចិត្តទុកដាក់ ដោយរក្សាអនាម័យ ត្រូវពាក់ម៉ាសការពារ ឬប្រើកន្សែង​ទប់មាត់នៅពេលក្អក ឬកណ្តាស់ ឧស្សាហ៍លាងដៃនឹងសាប៊ូឲ្យបានញឹកញាប់ ឬទឹកអាល់កុល ឬជែលដាក់ជាប់​តាមខ្លួនជាប្រចាំ នៅពេលធ្វើដំណើរនៅគ្រប់ទីកន្លែង ជាពិសេសមិនត្រូវមានការជួបជុំ ឬចាក់ធុងបាស​រាំកម្សាន្ត​នោះទេ។ ម្យ៉ាងវិញទៀត យើងមិនត្រូវធ្វេសប្រហែសឲ្យសោះ នូវជំងឺកូវីដ១៩ដ៏កាចសាហាវនេះ ដែលកំពុង​ឆ្លងរាតត្បាត​នៅពាសពេញពិភពលោក ដែលយើងមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានជំរុញឲ្យក្រុមការងារថ្នាក់ខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន បន្តពិនិត្យ​បងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ នៅតាម ភូមិ-ឃុំ ដើម្បីយកអំណោយជូនពួក​គាត់ឲ្យបាន​ទាន់​ពេលវេលា ដោយមិនអាចឱ្យអ្នកណាម្នាក់អត់បាយ ដែលយើងមិនបានដឹងនោះទេ។ ឯកឧត្តមបញ្ជាក់​ទៀតថា អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា មិនទៅណាឆ្ងាយពីបងប្អូនទេ នៅចាំជួយជានិច្ច ដោយធ្វើសកម្មភាព​ចុះជួប​ពុកម៉ែ​បងប្អូនជារៀងរាល់ថ្ងៃ នៅគ្រប់ទីកន្លែងទាំងអស់។

ចុងបញ្ចប់ ឯកឧត្តម សុខ លូ បានសំណូមពរដល់ពុកម៉ែបងប្អូនទាំងអស់ ជួយអប់រំកូនចៅ ឲ្យចូលរួមគោរព​ច្បាប់​ចរាចរណ៍ រាល់ការបើកបរម៉ូតូ ត្រូវពាក់មួយសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ និងជៀសឲ្យឆ្ងាយ​ពីគ្រឿងញៀន ព្រមទាំងចែកអំណោយដល់ប្រជាពលរដ្ឋជានិមិតរូបផងដែរ៕