អភិបាលខេត្តកំពង់ធំ ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចាត់វិធានការឲ្យបាន ហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ

64

រដ្ឋបាលខេត្តកំពង់ធំ៖ ក្នុងឱកាសកិច្ចប្រជុំប្រចាំខែគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្នើឲ្យគណៈបញ្ជាការឯកភាពក្រុង ស្រុក ត្រូវចាត់វិធានការឲ្យបានហ្មត់ចត់ ត្រឹមត្រូវ ច្បាស់លាស់ ក្នុងការទប់ស្កាត់បទល្មើសធនធានធម្មជាតិ។ ឯកឧត្តមបានបន្តទៀតថាយើងត្រូវរួមគ្នា ធ្វើកិច្ចការនេះដោយយកចិត្តទុកដាក់ ហើយមិនត្រូវបណ្ដែតបណ្ដោយ ឲ្យមានការកាប់បំផ្លាញធនធានធម្មជាតិតទៅទៀតនោះទេ។

នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម សុខ លូ បានធ្វើការផ្សព្វផ្សាយពីសភាពការណ៍ថ្មីៗដែលកំពុង កើតមាន និងបានលើកឡើងពីបញ្ហាប្រឈមនានាដែលចាំបាច់តម្រូវឲ្យ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ រួមគ្នាទប់ស្កាត់ និងចាត់វិធានការដោះស្រាយសមស្របឲ្យបានទាន់ពេលវេលា។ ឯកឧត្តមក៏បានស្នើឱ្យគណៈអភិបាលក្រុងស្រុកទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អប់រំប្រជាពលរដ្ឋ ចូលរួមសម្អាតបរិស្ថានជុំវិញផ្ទះ លុបបំបាត់ជម្រកមូសខ្លា ដើម្បីទប់ស្កាត់ ការរាតត្បាតជំងឺគ្រុនឈាម និងត្រូវក្ដាប់ឱ្យបាននូវសភាពការណ៍ថ្មីៗ ហើយរាយការណ៍ជាបន្ទាន់មក គណៈបញ្ជាការឯកភាពខេត្ត។

សូមបញ្ជាក់ថា កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តក្នុងខែនេះផ្ដោតសំខាន់លើ៖ វិធានការវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺគ្រុនឈាម, វិធានការទប់ស្កាត់បទល្មើសធនធានធម្មជាតិ, វិធានការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក វិធានការការក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, វិធានការពង្រឹងប្រសិទ្ធភាពក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យសំណង់ និងបញ្ហាផ្សេងៗផងដែរ៕