អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមបើកបរវសនកាលថ្មី ឆ្នាំ២០១៨-២០១៩ នៅវិទ្យាល័យកំពង់ធំ និងផ្តាំផ្ញើដល់សិស្សានុសិស្សខិតខំរៀនសូត្រ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀន

111

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ដែលជាថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០១៨-២០១៩ នៅវិទ្យាល័យកំពង់ធំ បានថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ ព្រមទាំង សិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន អំពើអប្បាយមុខគ្រប់ប្រភេទ គោរពច្បាប់ចរាចរណ៍ គោរពវិន័យសាលា ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ត្រូវខិតខំរៀនសូត្រ ដើម្បីក្លាយជាទំពាំងស្នងឬស្សី និងលើកកិត្តិយសគ្រួសារ ក៏ដូចជាសង្គមជាតិ។

ឯកឧត្តមបន្ថែមទៀតថា ដើម្បីអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព សមត្ថភាព សូមលោកគ្រូ អ្នកគ្រូ ទាំងអស់ ត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែមទៀត ទាំងផ្នែកចំណេះដឹង និងវិធីសាស្ត្របង្រៀន រួមទាំងបច្ចេកវិទ្យាព័ត៌មាន ភាសាបរទេស ដើម្បីយកចំណេះដឹងថ្មីៗ មកបង្ហាត់បង្រៀនសិស្សបន្តទៀត ហើយត្រូវស្រលាញ់សិស្សទាំងអស់ ដូចជាកូនរបស់ខ្លួនផងដែរ។ ហើយក្មួយៗ ជាសិស្សានុស្សទាំងអស់ ត្រូវខិតខំក្រេបយកចំណេះដឹង ស្តាប់ដំបូន្មាន លោកគ្រូ អ្នកគ្រូ ហើយក្មួយៗត្រូវចងចាំថា បើយើងស្រលាញ់ខ្លួនយើង ស្រលាញ់ឪពុកម្តាយយើង និងស្រលាញ់អនាគតរបស់យើង ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗ។ ទន្ទឹមនឹងនោះ អាណាព្យាបាលសិស្សគ្រប់រូប សូមចូលរួមចំណែកឲ្យបានខ្លំាងក្លាថែមទៀត ប្រកបដោយនិរន្តភាព ក្នុងការជួយអប់រំកូនចៅ ទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ជាដើម។ ឯកឧត្តមបន្ថែមទៀតថា សព្វថ្ងៃនេះបញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយ ដែលកំពុងតែកើតមានឡើងស្ទើរគ្រប់ទីកន្លែង និងបានវាយលុកចូលតាមជួរមហាជន ពិសេសស្រទាប់យុវជននៅតាមសាលារៀន។ ដូច្នេះ សូមក្មួយៗ ជាសិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ ដោយកុំព្យាយាមសាកល្បង ដែលនាំឲ្យខាតបង់ពេលវេលាក្នុងការសិក្សា ខូចអនាគត និងខូចកិត្តិយស ដល់ក្រុមគ្រួសាររបស់យើងផងដែរ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តកំពង់ធំ បានថ្លែងអំណរគុណ ចំពោះលោកគ្រូ អ្នកគ្រូ ទាំងអស់ ដែលបានខិតខំលះបង់កម្លំាងកាយចិត្ត ប្រាជ្ញា ស្មារតី បង្ហាត់បង្រៀនសិស្សឲ្យទទួលបានចំណេះដឹង ជំនាញ និងសីលធម៌ ដើម្បីក្លាយជាពលរដ្ឋល្អ ដែលជាសសរទ្រូងដ៏រឹងមំាក្នុងការអភិវឌ្ឍប្រទេសជាតិ។