អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍

104

រសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាឆ្លុះបញ្ចាំងប្រចាំឆ្នាំរបស់អ្នកសម្របសម្រួលគណនេយ្យភាពសហគមន៍ គម្រោងសម្លេង និងសកម្មភាព សម្រាប់ធ្វើឲ្យប្រសើរឡើងដល់ការផ្តល់សេវាមណ្ឌលសុខភាព សាលារៀន និងរដ្ឋបាលឃុំ។

ថ្លែងក្នុងពិធីបើក ឯកឧត្តម សុខ លូ មានប្រសាសន៍ថា ការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រគណនេយ្យភាពសង្គម (I-SAF) នេះ គឺជាយន្តការមួយ ក្នុងការអនុវត្ត ផអ៣ដំណាក់កាលទី២ នៃកម្មវិធីជាតិនេះ ដែលជាគោលដៅនៃការអនុវត្តកំណែទម្រង់ តាមរយៈការដាក់ចេញឲ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៦ នៃរដ្ឋសភា។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបន្តយកចិត្តទុកដាក់កាន់តែខ្លាំងក្លាថែមទៀត ក្នុងការធ្វើកំណែទម្រង់រដ្ឋបាលឲ្យកាន់តែស៊ីជម្រៅលើកំណែទម្រង់សំខាន់ៗនានា គឺកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំណែទម្រង់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើពុករលួយ ព្រមទាំងកំណែទម្រង់តាមវិស័យនានា តាមរយៈការដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណនេះ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកសាងមូលដ្ឋានឆ្ពោះទៅសម្រេចបានតាមចក្ខុវិស័យកម្ពុជានៅឆ្នាំ២០៥០។

ជាចុងក្រោយឯកឧត្តម បានជំរុញ និងលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ តាមរយៈការបង្កើតបណ្តាញអ្នកស្ម័គ្រចិត្តសម្របសម្រួលគណនេយ្យភាពសហគមន៍ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ត្រូវចូលរួមសកម្ម ក្នុងការឆ្លើយតបនូវបញ្ហា និងតម្រូវការនានា សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តក្របខ័ណ្ឌយុទ្ធសាស្ត្រគណនេយ្យភាពសង្គមកាន់តែមានប្រសិទ្ធិភាព មានតម្លាភាពចំពោះប្រជាពលរដ្ឋ សហការ និងជំរុញបន្ថែមក្នុងការផលិតព័ត៌មាន Post-On សម្រាប់ធ្វើការផ្សព្វផ្យាយបានទាន់ពេលវេលា។