អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចាប់ឆ្នោតជ្រើសរើសឡូតិ៍ដីសម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រជាង ៧០០គ្រួសារ នៅឃុំដូង ស្រុកប្រាសាទបល្ល័ង្ក

17

ឯកឧត្តម សុខ លូ ថ្លែងថា ការចាប់ឆ្នោតនាពេលនេះ គឺជាការបង្ហាញពីតម្លាភាពក្នុងការទទួលបានដីឡូតិ៍លំនៅឋាន និងដីឡូតិ៍កសិកម្ម ជូនសម្បទានិកចំនួន ៧២៩គ្រួសារ ដែលជាប្រជាពលរដ្ឋក្រីក្រគ្មានដី ឬមានដីតិចតួចមកពីភូមិទាំង៨របស់ឃុំដូង ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ឯកឧត្តមថ្លែងយ៉ាងដូច្នេះ នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីរៀបចំចាប់ឆ្នោតជ្រើសរើសឡូតិ៍ដីសម្បទានសង្គមកិច្ច របស់គម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ជំហាន ២ (LASED II) ដែលជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា គាំទ្រដោយធនគារពិភពលោក ដោយមានការអញ្ជើញចូលរួមពីលោកបណ្ឌិត ដោក ដូម៉ា នាយកគម្រោង LASED II ថ្នាក់ជាតិ និងសហការី នៅក្នុងបរិវេណវត្តជ័យរតនៈរង្សី (ហៅវត្តក្របៅ) ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ឯកឧត្តមបន្ថែមទៀតថា បន្ទាប់ពីការចាប់ឆ្នោតនេះ សម្បទានិកនឹងចាប់ផ្តើមចូលតាំងទីលំនៅលើដីសម្បទានសង្គមកិច្ចនេះ ហើយតាមផែនការគម្រោង នឹងផ្តល់ជូនប្រជាពលរដ្ឋនៅពេលចូលតាំងទីលំនៅដំបូង នូវសម្ភារៈសម្រាប់សាងសង់លំនៅឋានដូចជា ស័ង្កសីចំនួន ៤០សន្លឹក អំពូលពន្លឺព្រះអាទិត្យ តង់ផ្លាស្ទិក កន្ទេល ភួយ ធុងទឹក ធុងចម្រោះទឹក ចប កាំបិត ពូថៅ អង្ករចំនួន ២០០គីឡូក្រាម គ្រាប់ពូជបន្លែចំនួន ០៦មុខ ដើមឈើហូបផ្លែចំនួន ០៥មុខ ក្នុងមួយគ្រួសារ ព្រមទាំងគ្រាប់ពូជផ្សេងៗ កូនស្វាយចន្ធី និងភ្ជួរដីកសិកម្ម។ ទន្ទឹមនឹងនេះ គម្រោងក៏នឹងធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរួមមាន ផ្លូវថ្នល់ សាលារៀន ប៉ុស្តិ៍សុខភាព អគារសហគមន៍ ផ្សារសហគមន៍ អគារស្នាក់នៅសម្រាប់គ្រូបង្រៀន អណ្តូងទឹក ស្រះទឹក ប្រព័ន្ធស្រោចស្រព ។ល។ និងផ្តល់នូវបច្ចេកទេសធ្វើកសិកម្ម ចិញ្ចឹមសត្វ កែច្នៃផលិតផលកសិកម្ម។ លើសពីនេះ គម្រោងនឹងផ្តល់នូវទុនបង្វិលប្រមាណជា ២៨០$ ក្នុងមួយគ្រួសារ ដើម្បីពង្រីកមុខរបរដាំដុះ និងចិញ្ចឹមសត្វ ហើយជារួមរាជរដ្ឋាភិបាលគ្រោងនឹងចំណាយទឹកប្រាក់ប្រមាណជា ៤លានដុល្លារអាមេរិក សម្រាប់ការអភិវឌ្ឍជូនបងប្អូនប្រជាពលរដ្ឋនៅលើដីសម្បទានសង្គមកិច្ចនេះ។

ចំពោះការចាប់ឆ្នោតនាពេលនេះ ប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបានដីឡូតិ៍លំនៅឋានទំហំ ៣០ x ៤០ម៉ែត្រ និងដីឡូតិ៍កសិកម្មទំហំ ២ហិកតាស្មើៗគ្នា៕