អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

38

រដ្ឋបាលខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩នេះ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធាន អនុគណៈកម្មការ សុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ​អប់រំផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ស្ថិតនៅតាមដងផ្លូវខាងជើងស្ពានកំពង់ធំ មុខសណ្ឋាគារមិត្តភាព ដែលរៀបចំដោយនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សហការជាមួយរដ្ឋបាលខេត្តកំពង់ធំ។ យុទ្ធនាការនេះធ្វើឡើដើម្បីឲ្យបងប្អូន ប្រជាពលរដ្ឋ បានយល់ដឹងបន្ថែមទៀត អំពីបញ្ហាដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលបច្ចុប្បន្ននេះ ក៏ដូចជាការ ពញ្ញាក់ស្មារតីប្រជាពលរដ្ឋឲ្យយកចិត្តទុកដាក់លើការគោរពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក សំដៅចូលរួមទប់ស្កាត់ កាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឲ្យមកនៅកម្រិតទាប។

នៅក្នុងយុទ្ធនាការអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏មានការចែកលិខិតប័ណ្ណផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ ផ្លូវគោក និងបានធ្វើការឃាត់អ្នកជិះម៉ូតូដែលមិនពាក់មួកសុវត្ថិ ដើម្បីធ្វើការណែនាំ និងឆ្លើយសំនួរពាក់ព័ន្ធច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោក ដើម្បីទទួលបានមួកសុវត្ថិភាពចំនួន១ផងដែរ។

បន្ទាប់មក ឯកឧត្តម សុខ លូ ក៏បានចុះត្រួតពិនិត្យ ទីតាំងប្រារព្ធពិធីបុណ្យអុំទូក និងបណ្តែតប្រទីប ដែលនឹងរៀបចំ ធ្វើចាប់ពីថ្ងៃទី ២៦-២៧ ខែតុលា ខាងមុខនេះ។ ឯកឧត្តមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលបានអញ្ជើញមក កំសាន្តសប្បាយនាពេលខាងមុខនេះ សូមចូលរួមថែរក្សាបរិស្ថាន អនាម័យ វេចខ្ចប់សំរាមដាក់តាមទីតាំងដែល ឲ្យមានរបៀប និងត្រឹមត្រូវ៕