អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីក្នុងពិធី ដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលក្រុងស្ទឹងសែន និងស្រុកសន្ទុក ដើម្បីបង្ខិតសេវាជូនប្រជាពលរដ្ឋ

162

(រដ្ឋបាលខេត្តកំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា ការដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃ​រដ្ឋបាលក្រុង-ស្រុក ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃការកែទម្រង់ប្រព័ន្ធ​គ្រប់គ្រងរដ្ឋបាល​សាធារណៈនៅថ្នាក់ក្រោមជាតិ តាម​គោលការណ៍​នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីធានាដល់ការផ្ទេរសិទ្ធិផ្ទេរអំណាច ផ្ទេរមុខងារ និងធនធាន ឱ្យទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលកៀកជិតប្រជាពលរដ្ឋក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រង ការចាត់ចែង និងការ​ប្រើប្រាស់​សិទ្ធិអំណាច និងធនធានទាំងនោះសម្រាប់ការផ្ដល់សេវា និងការអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការ​របស់​ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។

ឯកឧត្តមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងពិធីប្រកាសដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុងស្ទឹងសែន និងស្រុកសន្ទុក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុង ស្រុក ជាច្រើនរូប។

ឆ្លៀងឱកាសនៅក្នងពិធីនេះដែរ ឯកឧត្តម សុខ លូ បន្ថែមទៀតថា ដាក់ឲ្យដំណើរការរចនាសម្ព័ន្ធថ្មីនៃ មានន័យថា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ជាតំណាងឲ្យរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន នៅរដ្ឋបាលរបស់ខ្លួន ត្រូវដើរតួនាទី​ក្នុងការ​សម្របសម្រួល និងដឹកនាំគ្រប់សកម្មភាព ឬកិច្ចការដែលស្ថិតនៅក្នុងដែន​សមត្ថកិច្ចរបស់ខ្លួន ហើយរដ្ឋបាល ក្រុង ស្រុក ត្រូវមានគណនេយ្យភាពចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័ន ចំពោះវិស័យ ក្រសួង ស្ថាប័ននីមួយៗ ទទួលខុសត្រូវ។

ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ បានជំរុញដល់លោកអភិបាលក្រុងស្រុក រួមទាំងមន្ត្រីក្រោមឱវាទ ខិតខំរួមរួមសាមគ្គីភាព ឯកភាពផ្ទៃក្នុង ឲ្យបានរឹងមាំ ដើម្បីអភិវឌ្ឍឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការផ្ដល់សេវាសាធារណៈ និងការ​អភិវឌ្ឍន៍​មូលដ្ឋាន។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បានកោតសរសើរ និងវាយតម្លៃខ្ពស់ទៅលើសមិទ្ធផលការងារ​គ្រប់វិស័យរបស់​រដ្ឋបាលក្រុង ស្រុក ដែលបានខិតខំបំពេញ​ការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធិផល​ថ្មីៗទៀតបន្ទាប់ពីការដាក់ឱ្យ​ដំណើរការ​រចនាសម្ព័ន្ធថ្មី​នៃរដ្ឋបាលក្រុងស្រុក៕