អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមពិធីប្រកាសអភិបាល និងអភិបាលរងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ

222

ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៧ នៅរដ្ឋបាលស្រុកប្រាសាទសំបូរ បានរៀបចំពិធីប្រកាសតែងតាំងលោក អ៊ុត វណ្ណរ៉ា ជាអភិបាលស្រុក និងលោក ម៉ាន់ សារ៉ាក់ ជាអភិបាលរងស្រុកប្រាសាទសំបូរ ក្រោមអធិបតីភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ព្រមទាំងមានការចូលរួមពី អភិបាលរងខេត្ត ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ។

ក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែងនេះដែរ ឯកឧត្តម សុខ លូ មានប្រសាសន៍លើកឡើងថា ការប្រកាសឡើងកាន់តំណែង គឺជាភារកិច្ចចាំបាច់ និងតម្រូវការរបស់រាជរដ្ឋាភិបាល ស្របតាមគោលនយោបាយជាតិ ជាមួយគ្នានោះ អ្នកចាស់ផ្លាស់ទៅដោយភាពរីករាយ ដោយឡែកអ្នកថ្មីឡើងកាន់តំណែងថ្មី ត្រូវបន្តដឹកនាំឲ្យបានប្រសើរ ជំរុញសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ធ្វើការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។

ឯកឧត្តមបន្ថែមទៀតថា សូមឲ្យអង្គភាពទំាងអស់ ខិតខំជំរុញការងារបណ្តុះបណ្តាល និងអភិវឌ្ឍន៍សមត្ថភាព ដល់មន្ត្រីរបស់ខ្លួន ឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសបើកវគ្គបណ្តុះបណ្តាល ឲ្យចំទៅតាមជំនាញ ដែលជាតម្រូវការចាំបាច់ និងសិក្សាឲ្យបានលម្អិតទៅតាមផ្នែកនីមួយៗ ដើម្បីផ្តល់នូវជំនាញច្បាស់លាស់ ឆ្លើយតបនឹងការងារជាក់ស្តែង។

បច្ចុប្បន្ននេះ តំបន់រមណីយដ្ឋានប្រាសាទសំបូរ មិនមែនដូចតំបន់ប្រាសាទសំបូរព្រៃគុកដូចពីមុនទេ ព្រោះតំបន់នេះ ត្រូវបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដូច្នេះក្នុងនាមជាអាជ្ញាធរស្រុក ត្រូវមានការយកចិត្តទុកដាក់ដោយផ្តោតសំខាន់លើក សន្តិសុខ អនាម័យ អាហារដ្ឋាន និងសេវាស្នាក់នៅ និង បន្តរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពសង្គម ឲ្យបានល្អប្រសើរ។