អភិបាលខេត្តកំពង់ធំ អញ្ជើញចុះ​ពិនិត្យទីតាំងចំនួន ២កន្លែង ដែលនឹងប្រែក្លាយ​​ទៅជាមណ្ឌលចត្តាឡីស័ក និងជាមណ្ឌលព្យាបាល​អ្នកជំងឺកូវីដ១៩​កម្រិតស្រាល បណ្ដោះអាសន្ន

48

(រដ្ឋបាលខេត្តកំពង់ធំ): នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី អញ្ជើញ​ចុះ​ពិនិត្យសាលាគរុកោសល្យ និងវិក្រិតការ​ខេត្តកំពង់ធំ និងវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ដែលនឹងប្រែក្លាយ​ទៅជាមណ្ឌល​ចត្តាឡីស័ក និងជាមណ្ឌល​សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩​កម្រិតស្រាល បណ្ដោះអាសន្ន ។

នៅក្នុងឱកាសនោះឯកឧត្តម សុខ លូ បានគូសបញ្ជាក់ថាដោយសារស្ថានភាពជំងឺកូវីដ១៩ នៅតែបន្តរីករាលដាល ហើយ​បងប្អូន​ប្រជាពលរដ្ឋដែល​កំពុងធ្វើចត្តាឡីស័ក មានការកើនឡើង ដូច្នេះក្នុងនាមអាជ្ញាធរខេត្ត​គណៈកម្មការ​ខេត្តប្រយុទ្ធនឹង​ជំងឺ​កូវីដ១៩ បន្តធ្វើការរៀបចំ​បន្ថែមមណ្ឌលធ្វើចត្តាឡីស័ក និងជាមណ្ឌលព្យាបាលកម្រិតស្រាលផងដែរ ចំនួន ២កន្លែង​បន្ថែម​ទៀត ដើម្បីសម្របសម្រួលនៃការធ្វើចត្តាឡីស័ក និងជាកន្លែងព្យាបាលបងប្អូន​ប្រជាពលរដ្ឋដែលមាន​ការឆ្លងនូវជំងឺកូវីដ១៩ ឲ្យ​បានត្រឹមត្រូវ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូម​ចូលរួមអនុវត្ត​ឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែ​នាំរបស់ក្រសួងសុខាភិបាល។

ជាមួយគ្នានេះឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានណែនាំក្រើនរំលឹកដល់​អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ​ទាំងអស់ ត្រូវខិតខំបន្តយកចិត្តទុក​ដាក់ខ្ពស់ក្នុងការពិនិត្យ​គ្រប់គ្រងបងប្អូនក្នុងមណ្ឌល​ឲ្យបានល្អត្រឹមត្រូវដើម្បីចូលរួម​ទប់ស្កាត់​ការរីករាលដាលនៃជំងឺកូវីដ១៩ ។