អភិបាលខេត្តកំពង់ធំ អញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៦-២០១៧ នៅវិទ្យាល័យ ហ៊ុន សែន បល្ល័ង្ក

234

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៧ នៅវិទ្យាល័យ ហ៊ុនសែនបល្ល័ង្ក។

ឯកឧត្តម សុខ លូ បានសម្តែងនូវការសប្បាយចិត្ត ចំពោះប្អូនៗដែលបានប្រឡងជាប់ និងមានការសោកស្តាយចំពោះអ្នកដែលប្រឡងធ្លាក់ ចំពោះអ្នកដែលប្រឡងធ្លាក់ ក៏មិនត្រូវអស់សង្ឃឹមដែរ ប្អូនៗអាចទៅ បន្តការសិក្សាថ្នាក់បរិញ្ញាប័ត្ររង ឬក៏ស្វែងរកមុខរបរជំនាញវិជ្ជាជីវៈផ្សេងៗ។ ឯកឧត្តមបន្ថែមទៀតថាចំពោះប្អូន ដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន។

តាមការបញ្ជាក់របស់លោក ជូ វុនធី ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ធំបានឲ្យដឹងថា បេក្ខជនក្នុងបញ្ជីមានចំនួន ៤,២៣៨ នាក់ ស្រី ២,២២៩ នាក់ បេក្ខជនដែលបានមកប្រឡងចំនួន ៤,១៨២ នាក់ ស្រី ២,១៩៤ នាក់ បេក្ខេជនប្រឡងជាប់មានចំនួន ៣,០៣១ នាក់ ស្មើនឹង ៧២.៤៨% ស្រី ១,៦២៩ នាក់ ស្មើនឹង ៧៤.២៥% ក្នុងនោះជាប់និទ្ទេស A មានចំនួន ៩ នាក់ ស្រី ៥ នាក់  និទ្ទេស B មានចំនួន ៦៥ នាក់ ស្រី ៣១ នាក់ និទ្ទេស C មានចំនួន ១៨០ នាក់ ស្រី ៩៣ នាក់ និទ្ទេស D មានចំនួន ៤៥៥ នាក់ ស្រី ២៣០ នាក់ និងនិទ្ទេស E មានចំនួន ២,៣២២ នាក់ ស្រី ១,២៧០ នាក់។ ជាលទ្ធផលមានការកើនឡើងបើប្រៀបធៀបលទ្ធផលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៦បេក្ខជនប្រឡងជាប់សរុប ២,៥៤៥ នាក់ ស្មើនឹង៦៦.៦៦% ស្រី ១,៣៤១ នាក់ ស្មើនឹង ៦៩.៣៤%។ ចំពោះសិស្សនិទ្ទេសA ទាំង៩នាក់ មានឈ្មោះដូចខាងក្រោម៖

១-ប៊ុនលី  ទីបោ  ប្រុស មកពីវិទ្យាល័យ ហ៊ុនសែនបល្ល័ង្គ

២-ងួន  គឹមស៊ាង  ប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ

៣-ចេង  សេងថៃ ប្រុស មកពីវិទ្យាល័យហ៊ុនសែនបល្ល័ង្គ

៤-ឆិល  ស៊ីវមី  ស្រី  មកពីវិទ្យាល័យកំពង់ធំ

៥-ឆេងគា  សៀកឡេង ប្រុស មកពីវិទ្យាល័យកំពង់ធំ

៦-រស់  សុជាតា ស្រី  មកពីវិទ្យាល័យកំពង់ធំ

៧-សាន  ស្រីមុំ  ស្រី មកពីវិទ្យាល័យ កំពង់ធំ

៨-អឿន  នីកា ស្រី  មកពីវិទ្យាល័យជាស៊ីមកំពង់ថ្ម

៩-ជា  សុភស្ត  ស្រី មកពីវិទ្យាល័យកំពង់ឈើទាល

ដោយឡែក សិស្សជាប់និទ្ទេស A ម្នាក់ឈ្មោះ សាន ស្រីមុំ ជាសិស្សដែលរស់នៅក្នុងបុរីកុមារកំព្រាខេត្តកំពង់ធំ៕