អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីបើក និងបិទ អង្គសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបូកសរុបលទ្ធផលបញ្ចប់ការអនុវត្តគម្រោង TSSD ដំណាក់កាលទី១

196

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាគណអធិបតីក្នុងពិធីបើក និងបិទ អង្គសិក្ខាសាលាថ្នាក់ខេត្ត ស្តីពីការបូកសរុបលទ្ធផលបញ្ចប់ ការអនុវត្តគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប TSSD ដំណាក់កាលទី១ នៅសាលាខេត្តកំពង់ធំ នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ដោយមានការចូលរួមពី ឯកឧត្តម នី គឹមសាន្ត នាយកគម្រោង TSSD នៃលេខាធិការដ្ឋាន គ.ជ.អ.ប ឯកឧត្តម ប្រាក់ ជាតិថូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកសិកម្ម និងថ្នាក់ដឹកនាំខេត្តផងដែរ។

លោក ស ប៉ាហូ នាយករងរដ្ឋបាលសាលាខេត្ត និងជាប្រធានសម្របសម្រួលគម្រោងថ្នាក់ខេត្ត បានលើឡើងថា ឆ្លងកាត់រយៈពេល៥ឆ្នាំ នៃការអនុវត្តគម្រោងនេះ យើងសម្រចបានលទ្ធផលធំជាច្រើនដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដើម្បីងបង្កើនផលិតភាពកសិកម្មបានចំនួន ១៦០គម្រោង ក្នុងនោះជួសជុលផ្លូវលំគ្រួសក្រហម ចំនួន ១២គម្រោង មានប្រវែង ១៦.៦ គីឡូម៉ែត្រ ស្តារប្រឡាយចំនួន ៨៧គម្រោង មានប្រវែង ១១៣ គីឡូម៉ែត្រ ជួសជុលទំនប់ស្ទាក់ទឹកចំនួន៤៨គម្រោង មានប្រវែង ៣៣ គីឡូម៉ែត្រ សាងសង់សំណង់ធារាសាស្ត្រ ចំនួន ១១គម្រោង និងស្តារស្រះសហគមន៍ចំនួន ២ ចងក្រងក្រុមកែលម្អជីវភាព និងប្រែក្លាយក្រុមទៅជាសមាគមកែលម្អជីវភាពកសិករ បានចំនួន២៧៩ក្រុម មានសមាជិក សរុប ៦,៨៥៥នាក់ ស្រ្តី ៤,៥៧៦នាក់។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សុខ លូ បានថ្លែងអំណរគុណ ដល់ដៃគូអភិវឌ្ឍន៍នានា ដែលបានសហការ ជាមួយរាជរដ្ឋាភិបាល រួមចំណែកកសាងប្រទេសជាតិ តាមរយៈគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប នូវថវិកាជាង ៦លានដុល្លាអាមេរិក និងកោតសរសើរ ដល់ក្រុមការងារពាក់ព័ន្ធទំាងអស់ ដែលបានខិតខំប្រឹងប្រែង ក្នុងការអនុវត្តគម្រោងទទួលបានលទ្ធផល ដ៍ធំធេងនៅថ្ងៃនេះ ជាពិសេសបានអភិវឌ្ឍន៍មូលដ្ឋានភូមិឃុំ ដូចជា ការកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីបង្កើនផលិតភាព កសិកម្ម ពង្រឹងសមត្ថភាពកសិករខ្នាតតូច តាមរយៈការចងក្រងជាក្រុមកែលម្អជីវភាព ហើយផ្តល់ជាទុន និងការបណ្តុះបណ្តាល បានជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានជីវភាព កាន់តែរីកចម្រើនប្រសើរថែមទៀត។

ឯកឧត្តមបន្ថែមទៀតថា ក្នុងនាមយើងជាមន្ត្រីអនុវត្តគម្រោង ត្រូវខិតខំផ្សព្វផ្សាយ និងជម្រុញប្រជាពលរដ្ឋឲ្យយល់ដឹងពីអត្ថប្រយោជន៍នៃគម្រោង ដើម្បីឲ្យពួកគាត់ជួយគាំទ្រគម្រោងនេះ ឲ្យមានការរីកចម្រើនតទៅទៀត ជាពិសេសការអនុវត្តគម្រោងដំណាក់កាលទី២នេះ ត្រូវធ្វើឲ្យមានការល្អប្រសើរជាងនេះថែមទៀត។ ម្យ៉ាងវិញទៀត ប្រាសាទសំបូរព្រៃគុក ត្រូវបានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក មានភ្ញៀវទេសចរណ៍កើនឡើងជាបន្តបន្ទាប់ តម្រូវឲ្យបងប្អូនប្រជាពលរដ្ឋត្រូវខិតខំប្រកបមុខរបរបន្ថែមទៀត ដូចជាចិញ្ចឹមសត្វ ដំាដំណាំ ដែលគ្មានជាតិគីមី សម្រាប់ផ្គត់ផ្គង់គ្រួសារ ក៏ដូចជាភ្ញៀវទេសចរណ៍ផងដែរ។