អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែងអភិបាលរងស្រុកស្ទោង និងស្រុកកំពង់ស្វាយ

140

លោក ឡាយ ស៊ីលី ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីជាអភិបាលរងស្រុកស្ទោង និងលោក គី សាវុធថា ជាអភិបាលរងស្រុកកំពង់ស្វាយ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ។

ក្នុងឱកាសនោះដែរ ឯកឧត្តម សុខ លូ ថ្លែងថា សូមលោកអភិបាលរងស្រុក ដែលទើបចូលកាន់មុខតំណែងថ្មីនេះ ត្រូវខិតខំរៀនសូត្រនូវចំណេះដឹងថ្មីៗ និងបទពិសោធន៍ល្អៗផ្សេងទៀត ដើម្បីបង្កើននូវសមត្ថភាព ក្នុងការបំពេញបេសកកម្មបម្រើការងារជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកាន់ខ្ជាប់នូវឆន្ទៈម្ចាស់ការ ភក្តីភាព និងមនសិការវិជ្ជាជីវៈជាមន្ត្រីរាជការ ដោយគោរពនូវតួនាទី ភារកិច្ច របស់ខ្លួន ពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង គោរពវិន័យ បទបញ្ជា អនុវត្តតាមសេចក្តីណែនាំ និងអនុសាសន៍របស់ថ្នាក់ដឹកនាំ បន្តការខិតខំប្រឹងប្រែងធ្វើការងារ និងស្វែងយល់ពីរបៀបរបបការងារអភិវឌ្ឍន៍ថ្មីៗថែមទៀត ប្រកបដោយតម្លាភាព គុណភាព តាមរយៈការផ្តល់នូវសេវាសាធារណៈ ជូនអ្នកទទួលយកសេវា ឲ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបឲ្យទាន់ពេលវេលាទៅនឹងសេចក្តីត្រូវការរបស់អ្នកទទួលសេវា សំដៅបម្រើប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរឡើង ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឲ្យមានភាពរីកចម្រើន ជឿនលឿន ឲ្យបានឆាប់រហ័ស។

ក្នុងនោះឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ត្រូវរៀបចំឥរិយាបថឲ្យបានសមរម្យ ថ្លែថ្នូរ ខិតខំអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ ត្រូវយកចិត្តទុកដាក់បង្ក្រាបរាល់បទល្មើសនានា ដូចជាបទល្មើសនេសាទ បទល្មើសព្រៃឈើ បញ្ហាគ្រឿងញៀន អំពើចោរកម្ម លួច ឆក់ ប្លន់ ជាដើម ដើម្បីឲ្យប្រជាពលរដ្ឋបានរស់នៅបានសុខដុមរម្យនា និងជំរុញថ្នាក់ដឹកនាំមន្ទីរអង្គភាព ខិតខំធ្វើអំពើល្អ ចុះមូលដ្ឋានឲ្យបានកើនឡើងទ្វេរដង ដើម្បីសាកសួរសុខទុក្ខប្រជាពលរដ្ឋ ស្តាប់នូវសំណូមពររបស់ពួកគាត់ និងទទួលយកបញ្ហាដែលពួកគាត់បានជួបប្រទះ ដើម្បីធ្វើការដោះស្រាយបានទាន់ពេលវេលាផងដែរ។

លោក ឡាយ ស៊ីលី និងលោក គី សាវុធថា ដែលទើបតែប្រកាសឡើងកាន់តំណែង បានធ្វើការប្តេជ្ញាចិត្ត ស្មោះត្រង់ចំពោះរាជរដ្ឋាភិបាល គោរព និងខិតខំអនុវត្តកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល បន្តនិរន្តភាពការងារក្នុងរដ្ឋបាលស្រុក ប្រកាន់ភ្ជាប់នូវគុណធម៌ យុត្តិធម៌ សាមគ្គីភាព ឯកភាពផ្ទៃក្នុង ខិតខំរិះរកគ្រប់មធ្យោបាយ ដើម្បីបង្កើនការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឲ្យមានការរីចម្រើនថែមទៀត និងប្តេជ្ញាបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋដោយមិនមានភាពរើសអើង៕