អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនពលករ​ទាំងអស់ សូមចូលរួមធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩

34

 

(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនពលករទាំងអស់ សូម​ចូល​រួម​ធ្វើចត្តាឡីស័ក មិនត្រូវគេចវេសនោះទេ ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ព្រមទាំង​រក្សា​អនាម័យ អនុវត្តនូវវិធានការការពារកូវីដ១៩ ៣ការពារ និង ៣កុំ របស់រាជរដ្ឋាភិបាល និងអនុវត្ត​តាម​ការណែនាំ​របស់ក្រសួងសុខាភិបាល និងមិនត្រូវមានការជួបជុំគ្នា រាំលេងកំសាន្ត ចាក់ធុងបាសតាមភូមិ ការរៀបអាពាហ៍ពិពាហ៍ត្រូវកាត់បន្ថយអ្នកចូលរួម និងកាត់បន្ថយនូវកម្មវិធីណាដែលមិនចាំបាច់។

ឯកឧត្តមអភិបាលខេត្តកំពង់ធំថ្លែងយ៉ាងដូច្នេះ នាព្រឹកថ្ងៃទី ១១ ខែមីនា ឆ្នាំ២០២១ នៅក្នុងពិធីចុះ​ជួប​សំណេះសំណាល​​ជាមួយបងប្អូនពលករដែលទើបនឹងវិលត្រឡប់មកពីប្រទេសថៃជាង ៤០០នាក់ នៅមណ្ឌល​ចត្តាឡីស័ក ក្នុងបរិវេណវិទ្យាល័យរស្មីសោភ័ណ ស្រុកស្ទោង ខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា បងប្អូនពលករដែលមកធ្វើចត្តាឡីស័ក​នៅមណ្ឌល​ស្រុកស្ទោងនេះ សូមកុំមានការព្រួយបារម្ភអោយសោះ ពីព្រោះនៅទីនេះ យើងមានមន្ត្រីប្រចាំការ មានក្រុម​គ្រូពេទ្យ​ជំនាញ និងកងកម្លាំងសមត្ថកិច្ច សម្រាប់ការពារសុខ សន្តិសុខជូនបងប្អូនពលករគ្រប់រូប នឹងចែកបាយ ចែកទឹកដល់បងប្អូនផងដែរ។

លើសពីនេះទៀតឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ សំណូមពរដល់បងប្អូនពលករទាំងអស់ បន្ទាប់ពីចប់​ចត្តាឡីស័ក ពេលវិលត្រឡប់ទៅដល់ផ្ទះវិញ ត្រូវយកចំណេះដឹងនិងបទពិសោធន៍ល្អៗដែលបងប្អូនធ្វើការ​កន្លង​មក បើកមុខរបរផ្ទាល់ខ្លួន និងប្រកបមុខរបរផ្សេងៗទៀតទៅតាមចំណេះដឹង និងជំនាញដែលបងប្អូនមានស្រាប់ ដើម្បីជួយលើកកម្ពស់ជីវភាពក្នុងគ្រួសារកាន់តែធូរធារថែមទៀត។

សូមបញ្ជាក់ថា នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ក៏បានឧបត្ថម្ភ​នូវគ្រឿងឧបភោគបរិភោគមួយចំនួនរួមមាន
-អង្ក ចំនួន ២តោន
-មីសៀម ចំនួន ២៥០កេស
-ត្រីខ ៥កេសធំ
-ទឹកសុទ្ធ ៥០យួរ
-ប៉ៅអ៊ីគេង ចំនួន ១០០
-ថវិកា ២,000,000 រៀល (ពីរលានរៀល)។