អភិបាលខេត្តកំពង់ធំ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់មកលើរាជរដ្ឋាភិបាល ក្នុងការផ្ដល់វ៉ាក់សាំងចាក់ជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ

93

(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរខេត្តកំពង់ធំ​បានបើកយុទ្ធនាការទ្រង់ទ្រាយ ធំចាក់វ៉ាក់សាំង​​ការពារជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋនៅក្រុងស្រុកចំនួន ៤ រួមមាន ក្រុងស្ទឹងសែន ស្រុកសន្ទុក ស្រុកបារាយណ៍ និងស្រុកតាំងគោក ក្នុងខេត្តកំពង់ធំ រីឯស្រុកទាំង៥ ផ្សេងទៀត នឹងចាប់ផ្តើមនៅចុងខែកក្កដា និងដើមខែ សីហានេះ។

នាព្រឹកនេះដែរ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងសហការី ក៏បានអញ្ជើញ ចុះត្រួតពិនិត្យ ទៅទីតាំងចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ព្រមទាំងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់​មកលើរាជរដ្ឋាភិបាល ក្នុងការផ្ដល់ វ៉ាក់សាំង​ចាក់ជូនបងប្អូន​ប្រជាពលរដ្ឋទាំងអស់នៅក្នុងខេត្តកំពង់ធំ។

ឯកឧត្តមបន្ថែមទៀតថា បងប្អូនប្រជាពលរដ្ឋសូម​កុំព្រួយបារម្ភថាខ្វះវ៉ាក់សាំង ប្រមុខរាជរដ្ឋាភិបាលបាន​ផ្ដល់វ៉ាក់សាំងមក​អាជ្ញាធរ​ខេត្តកំពង់ធំសម្រាប់ត្រៀមចាក់​ជូនបងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នាទៅតាមដំណាក់កាល ដែលអាជ្ញាធរ​ក្រុងស្រុកបាន​ធ្វើ​ការ​ផ្សព្វផ្សាយ និងទៅតាមកាលបរិច្ឆេទកំណត់ ហើយការចាក់វ៉ាក់សាំងនេះ ដោយការស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និងមិនមានគិតប្រាក់កម្រៃអ្វីឡើយ។

ឯកឧត្តមបន្តថា បងប្អូនប្រជាពលរដ្ឋ​ដែល​មក​​ទទួលការចាក់វ៉ាក់សាំងនេះ សូមរក្សាគម្លាតសុវត្ថិភាព ចាប់ពីមួយ​ម៉ែត្រ​កន្លះ​ឡើងទៅ។ ម្យ៉ាងវិញទៀត បន្ទាប់​ពីការចាក់វ៉ាក់​សាំង​រួចហើយ សូមបងប្អូនកុំ​ធ្វេស​ប្រហែស​ឲ្យសោះ ត្រូវតែគោរព​នូវវិធានការ ៣ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំ​របស់ក្រសួងសុខាភិបាល ដែលជាវិធាន​​ការមួយ​ដ៏មាន​ប្រសិទ្ធភាពបំផុតនៅក្នុងសម័យកាលកូវីដ១៩ ពីព្រោះជំងឺនេះ ឆ្លងលឿនណាស់ ដែលអាចបណ្ដាលឱ្យបាត់បង់អាយុជីវិត ជាពិសេស​ឆ្លងមក​លើមនុស្សចាស់ និងអ្នកដែលមានរោគប្រចាំកាយ។

ជាមួយគ្នានោះដែរ ឯកឧត្តម សុខ លូ បានបញ្ជាក់ថា ត្រូវជាពលរដ្ឋនៅក្នុងខេត្តកំពង់ធំ​​ដែលមានអាយុចាប់ពី​១៨ឆ្នាំ​ឡើងទៅ នឹង​ទទួលបានការ​​​ចាក់វ៉ាក់សាំង​គ្រប់ៗគ្នានៅក្នុងកំឡុងខែកក្កដានិងខែសីហានេះ។

ទន្ទឹមនឹងនោះដែរ ប្រជាពលរដ្ឋនៅក្នុង​ខេត្តកំពង់ធំទាំងមូល សូមគោរពថ្លែងអំណរគុណ​ដល់សម្ដេចតេជោហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានខិតខំស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនបងប្អូនប្រជាពលរដ្ឋ​ទូទាំង​ប្រទេសក៏ដូចជានៅក្នុងខេត្តកំពង់ធំ ដែលជាក្តីសង្ឃឹមដល់យើងទាំងអស់គ្នា ។