អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះរលកទី២ នៃជំងឺឆ្លងកូវីដ-១៩

30

ថ្លែងនៅក្នុងពិធីចែកអំណោយមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋមានភាពខ្វះខាត ចំនួន ៨០គ្រួសារ នៅបីទីតាំងផ្សេងគ្នា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២០ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ថ្មីនេះ។

ក្នុងឱកាសនោះឯកឧត្តម សុខ លូ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច តែងតែ គិតគូរ យកចិត្តទុកដាក់ អំពីសុខទុក្ខប្រជាពលរដ្ឋ និងមិនទុកឱ្យប្រជាពលរដ្ឋរបស់យើង ណាម្នាក់អត់ស្បៀង ដោយសាខាកាកបាទក្រហមខេត្តមិនបានដឹងនោះទេ ។ លើសពីនេះទៀត ឯកឧត្តម សុខ លូ មានប្រសាសន៍បន្ថែមទៀតថា កាលពីសប្តាហ៍មុនប្រទេសយើងបានព្យាបាលអ្នកឆ្លងជំងឺកូវីដ-១៩ បានជាសះស្បើយទាំង១២២នាក់។ ប៉ុន្តែក្នុងសប្តាហ៍នេះ យើងក៏មានអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន២នាក់មកវិញ។ ម្យ៉ាងវិញទៀតបើ តាមការបញ្ជាក់របស់អង្គការសុខភាពពិភពលោក (WHO) មកទល់ពេលនេះ ស្ថិតិអ្នកឆ្លងជំងឺកូវីដ១៩ គឺបានកើនឡើងរហូតដល់ជិត ៥លាននាក់ (៤,៩៩៥,៩៩៦) ដែលមានអ្នកស្លាប់ជាង៣០ម៉ឺននាក់ (៣២៧,៨២១) ។ ជំងឺរលាកផ្លូវដង្ហើមកូវីដ១៩ នេះគឺកាចសាហាវខ្លាំងណាស់ដែលកំពុងវាយលុកលើ ២១៦ ប្រទេស ដូច្នេះសូមពុកម៉ែបងប្អូន ត្រូវមានការយល់ដឹង និង ប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺឆ្លងកូវីដ-១៩ថ្មីនេះ ត្រូវបង្កើនអនាម័យសុខភាពរស់នៅអោយបានល្អ គឺត្រូវពាក់ម៉ាស ឬក្រម៉ា ហើយត្រូវដុសលាងសម្អាតដៃអោយបានស្អាតជាប្រចាំជាមួយសាប៊ូ, ទឹកអាល់កុលឬ ចឹលកម្ចាត់មេរោគនិងបាក់តេរីផ្សេងៗ។ បើមានការសង្ស័យទៅលើអ្នកណាម្នាក់ ឬចំពោះខ្លួនឯងផ្ទាល់ សូមទូរស័ព្វមកលេខ ១១៥។ សូមកុំចម្លងរោគពីយើងទៅគេ ហើយក៏កុំចម្លងរោគពីគេមកក្រុមគ្រួសារយើងផងដែរ។ កន្លែងណាដែលមិនចាំបាច់ទៅ សូមកុំទៅ ជាពិសេសទីកន្លែងដែលមានក្រុមមនុស្សច្រើន សូមស្តាប់តាមការផ្សព្វផ្សាយរបស់អាជ្ញាធរមូលដ្ឋាន និងធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលអោយបានជាប់ជានិច្ច។

ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមខិតខំស្វែងយល់ និងចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដើម្បីការពារអាយុជីវិតខ្លួនឯង នឹងក្រុមគ្រួសាររបស់យើង ជាពិសេសកាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍ និងខិតអប់រំកូនចៅយើង ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ប្រសិនបើមាននរណាម្នាក់ៗសង្ស័យពាក់ព័ន្ធបញ្ហាគ្រឿងញៀន សូមរាយការណ៍ទៅអាជ្ញាធរ ភូមិ-ឃុំ ដើម្បីយកពួកគាត់ទៅបន្សាប ឬក៏ព្យាបាល និងខិតខំប្រកបមុខរបរបង្កបង្កើនផលធ្វើស្រែចម្ការ ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃបន្ថែមទៀត។

ក្នុងឱកាសនោះឯកឧត្តម និងលោកជំទាវ បានចែកជូននូវអំណោយដល់ ប្រជាពលរដ្ឋខ្វះខាត លោកតា លោកយាយ ជនចាស់ជរា ជួបការលំបាក ក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១ យួរ មី ១កេស និងសាប៊ូ ១ដុំ៕